ភ្នំពេញ៖ ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បានទទួលសាច់ជ្រូក និងអង្ករពីសម្តេចតេជោ ហ៊ុន សែន។
ពិធីប្រគល់អំណោយខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ មីនា នៅទីតាំងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ការប្រគល់អំណោយនេះ មិនបានប្រគល់ដោយផ្ទាល់ដៃនោះទេ គឺក្រុមការងារបានដាក់សាច់ជ្រូក និងអង្ករ ជាកញ្ចប់ហើយ ទើបបានអញ្ជើញបងប្អូន មកទទួលម្នាក់ម្តងៗ ដើម្បីបង្ការកុំឲ្យ មានការឆ្លងបន្ត នៃជំងឺនេះ ។
ក្នុងឱកាសនោះលោក ឃួង ស្រេង មានប្រសាសន៍ថា អំណោយទាំងនេះជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ១០គីឡូក្រាម និងសាច់ជ្រូកចំនួន ២គីឡូក្រាម ។ លោក ឃួង ស្រេង បានបន្តថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុក្ខដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ។ សូមបងប្អូនប្រជាពលរដ្ឋ កុំព្រួយបារម្ភ សម្តេចមិនទុកឲ្យបងប្អូនស្លាប់ ដោយការអត់បាយនោះទេ។
មន្ត្រីរដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងដែរថា រដ្ឋបាលខណ្ឌមានជ័យ មានមណ្ឌលព្យាបាលចំនួន ១ មានអ្នកជំងឺស្នាក់នៅព្យាបាលចំនួន ៥៤នាក់ (គិតត្រឹមថ្ងៃទី២ មីនា) និងមានទីតាំងធ្វើចត្តាឡីស័កពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៥ទីតាំង ស្មើ ៤៧០នាក់ ក្នុងនោះបរទេស ៣៤នាក់។ ក្នុងចំនួននេះបានបញ្ជូន ទៅព្យាបាលនៅតាមមណ្ឌលព្យាបាលផ្សេងៗ ក្នុងរាជធានីភ្នំពេញចំនួន ៦នាក់ បរទេស ៤នាក់។ ដោយឡែកចំពោះប្រជាពលរដ្ឋ ធ្វើចតាឡីស័កនៅសង្កាត់ស្ទឹងមានជ័យទី១ ខាងលើនេះ មានចំនួន ៣៣១នាក់ ស្មើនឹង ១៣១គ្រួសារ ។ ពួកគាត់ជាប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលបានរកឃើញកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងចំនួនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័កទាំងនេះ ក្នុងនោះមានចំនួនប្រជាពលរដ្ឋ ៩២នាក់ បានធ្វើតេស្ដសំណាកចំនួន ២លើក រួចមកហើយ គឺនៅថ្ងៃទី២៦ ដោយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ និងនៅថ្ងៃទី២៧ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ៕