ជើងខ្លាំង! ម្នាក់ឯងសោះ ដេញគប់គេជិះម៉ូតូគ្នា ២នាក់ តែបែរជាត្រូវឡានធ្លាយកញ្ចក់ របួសម្នាក់

0

ភ្នំពេញ៖ កម្លាំងនគរបាលស្រុករលាប្អៀរ បានចាប់ឃាត់ខ្លួន យុវជនម្នាក់ករណីយកដុំថ្ម គប់បណ្តាលឲ្យបែកកញ្ចក់រថយន្ត និងបណ្តាលឲ្យរបួស អ្នកជិះនៅខាងក្នុងម្នាក់ ។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទី នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនបង្កមានឈ្មោះ អ៊ែល សុខនី ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជនបង្កបានជិះម៉ូតូ ១គ្រឿង ដៃកាន់ដុំថ្ម ១ដុំ ជិះដេញតាមអ្នកជិះម៉ូតូ ១គ្រឿង ទៀតមានគ្នា២នាក់ ។ លុះដល់ចំណុចកើតហេតុ ក៏បានធ្វើសកម្មភាពគប់ដុំថ្ម ទៅលើអ្នកជិះម៉ូតូ តែត្រូវចំរថយន្ត ១គ្រឿង ទៀតម៉ាកលុចស៊ីស ដែលកំពុងធ្វើដំណើរលើដងផ្លូវ បណ្តាលអោយបែកកញ្ចក់ទ្វារខាងក្រោយ ផ្នែកខាងឆ្វែង និងរងរបួសស្រាលមនុស្ស ១នាក់នៅក្នុងរថយន្ត ។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះឃាត់ខ្លួនជនបង្កខាងលើ រួមនឹងវត្ថុតាង កសាងសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ របស់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕