ក្រោយផ្ទុះករណីប្លន់ កក្រើកធរណី រំជួយមេឃ លោក ពេជ្រ ស្រស់ ស្វាងចែស និងប្រកាសឈប់យកអ្នកបើកឡានឲ្យ

0

ភ្នំពេញ៖ ក្រោយផ្ទុះព្រឹត្តិការណ៍ប្លន់ កក្រើករាជធានីភ្នំពេញ កាលពីម្សិលមិញ ពាក់ព័ន្ធនឹងអតីត តៃកុងឡានរៀខ្លួនបែបនេះ ធ្វើឲ្យប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ស្វាងចែស និងប្រកាសឈប់យកអ្នកបើកឡានឲ្យតែម្តង ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ មីនានេះ លោក ពេជ្រ ស្រស់ បានថ្លែងថា ក្រោយផ្ទុះព្រឹត្តិការណ៍ប្លន់ កក្រើកធរណី រំជួយមេឃពាក់ព័ន្ធនឹង អតីតតៃកុងឡានខ្លួនបែបនេះ ធ្វើឲ្យខ្ញុំនឹកឃើញដល់ឧកញ៉ាម្នាក់ គឺគាត់មិនមានតៃកុងឡានទេ ដោយគាត់បើកខ្លួនឯង ហើយខ្ញុំក៏ចំអកលេងជាមួយគាត់ថា ហេតុអីបងឯងម៉ៅស្វិតម្លេសគ្រាន់តែ ជួលអ្នកបើកបរឲ្យក៏មិនហ៊ានជួលដែរ បងឧកញ៉ាក៏សើចដាក់ខ្ញុំ ហើយឆ្លើយតបថា ស្រស់ឯងត្រូវចាំ អ្នកបើកបរឲ្យយើង គឺវាដឹងរឿងយើងទាំងអស់ ចុះបើថ្ងៃណាមួយវាឆ្កួតមួយពេល ស្រាប់តែវា បបួលគ្នីគ្នាវាមកប្លន់យើងវាមិនរលាយហើយ» ។

មេបក្សយុវជនបន្ថែមថា «ខ្ញុំឮហើយក៏គិតថា បងឧកញ៉ាពិតជាល្អិតល្អន់មែន ដល់ពេលផ្ទុះ ព្រឹត្តិការណ៍អតីតអ្នកបើកបរប្លន់ អតីតមេខ្លួនឯងបែបនេះ ធ្វើឲ្យខ្ញុំស្វាងចែស នឹងធ្វើឲ្យខ្ញុំឈប់យកអ្នកបើកឡានឲ្យតែម្តង។ ដោយបច្ចុប្បន្ននេះ ទុកចិត្តខ្លួនឯងច្រើនជាងអ្នកនៅក្រៅខ្លួន ប៉ុន្តែមនុស្សក៏មានល្អ និងមានអាក្រក់ដែរ។ បើកបរខ្លួនឯងគឺយើងកំណត់ ការស្លាប់រស់ដោយខ្លួនឯង ហើយបើកបរឲ្យយឺតកុំបង្ខំ កុំស្រវឹងគឺគ្មានគ្រោះ
ថ្នាក់អីនោះទេ ប្រយ័ត្នឲ្យបានខ្ពស់គឺរស់បានយូរ» ។

សូមរំលឹកថា ក្រុមឧក្រិដ្ឋជនមានគ្នា ៤នាក់ បានរៀបផែនការ ចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះ ជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារជាក្រោយ ។ ជាក់ស្តែង កាលពីម៉ោង ១១៖០០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែង AK ១ដើម និងកាំភ្លើងខ្លី ២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង ៤នាក់ ស្លាប់នៅនឹងកន្លែង៕