ភ្នំពេញ៖ តូចចិត្តរឿងលែងលះគ្នាជាមួយប្រពន្ធ ផឹកស្រាស្រវឹងរាល់ថ្ងៃ លុះអស់លុយ ក៏រត់ទៅខ្ចីលុយពីម្ដាយដើម្បីទិញស្រាផឹកបន្ត តែម្ដាយមិនឲ្យ ស្រាប់តែកូនតិរច្ឆានដុតផ្ទះម្ដាយ និងផ្ទះបងស្រីឆេះខ្ទេចគ្មានសល់ ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ ម៉ឺង រក្ស័ អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកម្ចាស់ផ្ទះដែលឆាបឆេះ អស់នោះមានឈ្មោះ គឹម រិន អាយុ៧៣ឆ្នាំត្រូវជាម្ដាយបង្កើត និងផ្ទះមួយខ្នងទៀតដែល ឆេះអស់ដែរមានម្ចាស់ឈ្មោះ ពៅ សាបុល អាយុ៤៣ឆ្នាំ មុខរបរកសិករនៅភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ។
ប្រភពបន្តថា ផ្ទះដែលអគ្គិភ័យលេបត្របាក់ មានទំហំបណ្តោយ៥ម៉ែត្រនិង ទទឹង៤ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹកត្នោត។ ចំណែកសម្ភារខូចខាតរួមមាន ម៉ូតូមួយគ្រឿង,កង់មួយគ្រៀង, អង្ករមួយតៅនិងរបស់របរប្រើប្រាស់ សម្លៀកបំពាក់មួយចំនួនធំ ប៉ុន្តែសំណាងដែរដែលមិនមានរងគ្រោះថ្នាក់ ដល់មនុស្សនិងមិនរាលដាល ដល់ផ្ទះអ្នកភូមិនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃអំពើហិង្សានេះ គឺដោយសារតែជនសង្ស័យ បានលែងលះជាមួយប្រពន្ធធ្វើឱ្យខូចចិត្ត ដើរផឹកស្រាស្រវឹងខួបរាល់ថ្ងៃ ហើយយប់ថ្ងៃកើតហេតុខឹងសុំប្រាក់ពីម៉ែ និងបងប្អូនមិនបានយកទៅទិញស្រាផឹក ក៏បង្ហូរសាំងពីម៉ូតូ ដុតផ្ទះចោលតែម្ដង។
បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តតាមច្បាប់ ៕



