ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍ បង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ!
យោងតាម កងរាជ អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថាក្រុមឧក្រិដ្ឋជនមានគ្នា០៤នាក់ បានរៀបផែនការ ចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះ ទាំងគ្រួសារជាក្រោយ ។
ជាក់ស្តែង កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAKមួយដើម និងកាំភ្លើងខ្លី០២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕


