ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានផ្ញេីសារដាស់តឿនដល់ អ្នកមានទ្រព្យសម្បត្តិ និងអ្នកនិយមអង្គរក្ស ថាចោរឆ្ងាយមិនងាយមកដល់ រីឯចោរជិតគឺជាចោរ ហូបបាយជាមួយយើងតែម្តង ដូច្នេះមុន
នឹងរើសមនុស្សមកនៅជាមួយគួរមើលឲ្យបានជាក់ ចាំយកឲ្យមកជ្រកជាមួយព្រោះអ្វីៗគឺនឹងកើតឡើង ដោយនឹកស្មានមិនដល់ឡើយ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលេីកឡេីងបែបនេះ ក្រោយពីកម្លាំងកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានបេីកប្រតិបត្តិការ បង្ក្រាបក្រុមចោរប្លន់ និងជម្រិតក្នុងបុរីអង្គរភ្នំពេញ ដោយកម្លាំងកងរាជអាវុធហត្ថ បានប្រេីសិទ្ធិការពារខ្លួនបាញ់ ក្រុមចោរទាំង៤នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីក្រុមចោរប្រដាប់អាវុធ បាញ់ប្រហារមកលេីកម្លាំងសមត្ថកិច្ច ខណៈតាមព័ត៌មានច្បាស់ការមួយអះអាងថា ក្នុងចំណោមក្រុមចោរនោះ មានម្នាក់ជាតៃកុងឡានជន ងគ្រោះផងដែរ ។
លោក ពេជ្រ ស្រស់ បានសរសេរលេីគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី ១ ខែ មីនា នេះថា “កក្រើកពេញភ្នំពេញ ករណីប្លន់មេខ្លួនឯង ដំបូងខ្ញុំសូមកោតសរសើរ PM ក្រុង ដែលបានបង្រ្កាបពួកចោរប្លន់បានទាន់ពេល ដើម្បីការពារម្ចាស់ទ្រព្យ និងការពារសន្តិសុខសង្គម ហើយក៏បានផ្តល់មេរៀនមួយដ៏ចាស់ដៃ ដល់ពួកចោរដទៃទៀតដែរ អំពីសមត្ថភាពPM”។
ប្រធាន គណបក្សយុវជនកម្ពុជា បានសង្កត់ធ្ងន់ថា “ករណីនេះ ក៏ជាមេរៀនមួយផងដែរដល់អ្នកមានទ្រព្យ និងអ្នកនិយមអង្គរក្ស ពីព្រោះចោរឆ្ងាយមិនងាយមកដល់ រីឯចោរជិតគឺជាចោរ ហូបបាយជាមួយយើងតែម្តង ដូច្នេះមុន
នឹងរើសមនុស្សមកនៅជាមួយយើង គួរមើលឲ្យបានជាក់ ចាំយកឲ្យមកជ្រកជាមួយយើង ព្រោះអ្វីៗគឺនឹងកើតឡើង
ដោយនឹកស្មានមិនដល់ឡើយ។ ជិតណាស់គឺក្បត់ណាស់”។
សូមរំលឹកថា ក្រុមឧក្រិដ្ឋជនមានគ្នា៤នាក់ បានរៀបផែនការ ចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះ ជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារជាក្រោយ ។ ជាក់ស្តែង កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAKមួយដើម និងកាំភ្លើងខ្លី០២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕