ហ៊ានមែន! វ៉ៃខ្នោះជនសង្ស័យ ៤​នាក់​ ក្រោយក្លែង​ហត្ថលេខា​ និង​ត្រា​ របស់​នាយក​រដ្ឋមន្ត្រី​

0

ភ្នំពេញ៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកណ្តាល​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ករណី​ ក្លែង​ហត្ថលេខា​ និង​ត្រា​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ។​ ជន​ទាំង​៤​នាក់​នេះ​ បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្លែង​ដីដុះ​ ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ កាលពី​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២១​។​

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ អនុវត្ដ​បទបញ្ជា​ លោក​ឧត្ដមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ដ​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ នីតិវិធី​ដោយ​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​ ។​

​ទី​១៖​ ឈ្មោះ​ យ៉ា​ន់​ ចំណាប់​ អាយុ​៥៥​ឆ្នាំ​,​ ទី​២៖​ ឈ្មោះ​ សួន​ ផ​ល្លី​ អាយុ​៥៤​ឆ្នាំ​,​ ទី​៣៖​ ឈ្មោះ​ យ៉ែ​ម​ សា​រឿ​ន​ អាយុ​៦៦​ឆ្នាំ​ និង​ទី​៤៖​ ឈ្មោះ​ មាស​ ភូ​រិ​ន្ទ​ អាយុ​២៦ ។

​តាម​ដំណើររឿង​មាន​ដូច​ខាងក្រោម​ ៖​ ឈ្មោះ​ យ៉ែ​ម​ សា​រឿ​ន​ បាន​សារភាព​ថា​ ខ្លួន​ជា​តំណាង​ប្រជាពលរដ្ឋ​៣១​គ្រួសារ​ នៅ​ភូមិ​ស្លែង​ដីដុះ​ ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ បាន​ផ្តិត​មេដៃ​ស្នើ​សុំ​កាត់​ដី​បឹង​ចំណុច​បឹង​ក​ញ្ច្រាំ​ចំនួន​៨.៦០​ហិ​កតា​ ពេល​នោះ​នៅ​ក្នុង​ឆ្នាំ​២០១៧​ ខ្លួន​បាន​ពឹងពាក់​ឈ្មោះ​ ហម​ សន្ធិ​ ឱ្យ​ជួយ​រត់ការ​សុំ​ ស​.​ជ​.​ណ​ ពី​រាជរដ្ឋាភិបាល​ និង​ក្រសួង​ធនធានទឹក​ ដើម្បី​កាត់​ដី​នេះ​ ប៉ុន្តែ​មិន​បាន​សម្រេច​។​ បន្ទាប់​មក​នៅ​ឆ្នាំ​២០១៩​ ឈ្មោះ​ យ៉ែ​ម​ សា​រឿ​ន​ បាន​ពឹង​ឈ្មោះ​ ឡុ​ង​ សុខ​ ឱ្យ​ជួយ​រត់ការ​ម្តងទៀត​ ប៉ុន្តែ​មិន​បាន​សម្រេច​ រហូត​មក​ដល់​ឆ្នាំ​២០២០​ ឈ្មោះ​ យ៉ែ​ម​ សា​រឿ​ន​ បាន​ពឹង​ឈ្មោះ​ សួន​ ផ​ល្លី​ ដើម្បី​រត់ការ​សុំ​ ស​.​ជ​.​ណ​ និង​កាត់​ដី​ពី​ក្រសួង​ ធនធានទឹក​ នៅ​ចំណុច​ខាងលើ​ ដោយ​ មាន​ធ្វើ​កិច្ចសន្យា​ព្រមព្រៀង​គ្នា​លើ​តម្លៃ​ និង​មាន​រយៈពេល​កំណត់​។​

​លុះ​មក​ដល់​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២១​ ឈ្មោះ​ សួន​ ផ​ល្លី​ បាន​ផ្ញើ​លិខិត​បង្គាប់ការ​លេខ​៣៨​ អ​អរ​/២១​ មក​ឱ្យឈ្មោះ​ យ៉ែ​ម​ សា​រឿ​ន​។​ បន្ទាប់​ពី​ទទួល​បាន​លិខិត​បង្គាប់ការ​នេះ​ហើយ​ឈ្មោះ​ យ៉ែ​ម​ សា​រឿ​ន​ បាន​ថតចម្លង​ឯកសារ​នេះ​ចេញ​ជា​ច្រើន​សន្លឹក​ និង​បានឱ្យ​ឈ្មោះ​ ម៉េ​ង​ ទៅ​សួរ​មេឃុំ​ព្រែក​តា​ទែន​ ដើម្បី​ស្នើ​សុំ​ការ​ចុះ​វាស់វែង​។​

​ឈ្មោះ​ សួន​ ផ​ល្លី​ បានឱ្យ​ដឹង​ថា​ ខ្លួន​បាន​ទទួល​ការ​ពឹងពាក់​ពី​ឈ្មោះ​ យ៉ែ​ម​ សា​រឿ​ន​ ដើម្បី​រត់ការ​កាត់​ដី​បឹង​ក​ញ្ច្រាំ​នៅ​ចំណុច​ ភូមិ​ស្លែង​ដីដុះ​ ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ដែល​មាន​ទំហំ​៨.៦០​ហិ​កតា​ដើម្បី​ស្នើ​សុំ​ ស​.​ជ​.​ណ​ ពី​រាជរដ្ឋាភិបាល​ និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ ទីតាំង​ខាងលើ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣១​គ្រួសារ​ ដោយ​ធ្វើការ​ព្រមព្រៀង​ក្នុង​តម្លៃ​ ១.៥០០.០០០$​។​ បន្ទាប់​ពី​ធ្វើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្តល់​សេវាកម្ម​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​រួច​មក​ ខ្លួន​បាន​ពឹងពាក់​ឱ្យឈ្មោះ​ យ៉ា​ន់​ ចំណាប់​ ជា​អ្នក​ធ្វើ​លិខិត​បង្គាប់ការ​ពី​រាជរដ្ឋាភិបាល​ លុះ​មក​ដល់​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២១​ ឈ្មោះ​ យ៉ា​ន់​ ចំណាប់​ បាន​ផ្ញើ​ឯកសារ​លិខិត​បង្គាប់ការ​មក​ឱ្យ​ខ្លួន​ពិនិត្យ​មើល​ខ្លឹមសារ​ ពេល​នោះ​ខ្លួន​ថា​ អាច​ទទួលយក​បាន​ ហើយ​ក៏​ឱ្យ​ យ៉ា​ន់​ ចំណាប់​ រៀបចំ​ចុះហត្ថលេខា​យក​មក​។​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ឈ្មោះ​ យ៉ា​ន់​ ចំណាប់​ បាន​មក​ជួប​ខ្លួន​ដោយ​យក​លិខិត​បង្គាប់ការ​ថតចម្លង​ដែល​មាន​លេខ​ ៣៨​ អ​អរ​/២១​ ចុះ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២១​។​ បន្ទាប់​ពី​ទទួល​បាន​ដីកា​បង្គាប់​នេះ​ភ្លាម​ខ្លួន​ក៏​បាន​ ហៅ​ឈ្មោះ​ យ៉ែ​ម​ សា​រឿ​ន​ ឱ្យមក​យក​ដីកា​បង្គាប់ការ​នេះ​ និង​បាន​ទទួល​ប្រាក់​ចំនួន​ ២១.០០០$​ ពី​ឈ្មោះ​យ៉ែ​ម​ សា​រឿ​ន​។​ ឈ្មោះ​ មាស​ ភូ​រិ​ន្ទ​ ដែល​ត្រូវជា​កូនចៅ​របស់​ឈ្មោះ​ សួន​ ផ​ល្លី​ បានឱ្យ​ដឹង​ថា​ ឈ្មោះ​ សួន​ ផ​ល្លី​ មាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ​ យ៉ា​ន់​ ចំណាប់​ និង​ពាក់ព័ន្ធ​រឿង​រត់ការ​លិខិត​បង្គាប់ការ​នេះ​ពិតប្រាកដ​មែន​។​ នៅ​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២១​ ឈ្មោះ​ យ៉ា​ន់​ ចំណាប់​ បាន​ថតរូប​ឯកសារ​ផ្ញើ​មក​ឱ្យឈ្មោះ​ សួន​ ផ​ល្លី​ ហើយ​ឈ្មោះ​ សួន​ ផ​ល្លី​ បាន​ប្រើ​ខ្លួន​ឱ្យ​ជួយ​អាន​ខ្លឹមសារ​ឯកសារ​នោះ​។​ បន្ទាប់​មក​ឈ្មោះ​ សួន​ ផ​ល្លី​ បានឱ្យ​ខ្លួន​ផ្ញើ​ប្រាក់​ ទៅ​ឱ្យឈ្មោះ​ យ៉ា​ន់​ ចំណាប់​ ជា​ច្រើន​ដង​ក្នុង​មួយ​ដង​ចន្លោះ​ពី​ ៣០០$​ ទៅ​ ៥០០$​ ហើយ​ឈ្មោះ​ សួន​ ផ​ល្លី​ បានឱ្យ​ខ្លួន​បើកឡាន​ជូន​គាត់​ទៅ​ជួប​ឈ្មោះ​ យ៉ា​ន់​ ចំណាប់​ និង​បាន​ប្រគល់​ប្រាក់​ជា​ច្រើន​នៅ​ហាង​កាហ្វេ​ PN​ ម្តុំ​ផ្សារ​ទំនើប​អ៊ី​អន​២​។​

​តាម​ចម្លើយ​សារភាព​របស់​ ឈ្មោះ​ យ៉ា​ន់​ ចំណាប់​ បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២១​ ខ្លួន​បាន​ទទួល​ការ​ពឹងពាក់​ពី​ឈ្មោះ​ សួន​ ផ​ល្លី​ រត់ការ​រឿង​ដីធ្លី​របស់​ប្រជាជន​ ៣១​គ្រួសារ​ដែល​ស្ថិត​នៅ​ចំណុច​បឹង​ក​ញ្ច្រាំ​ ទំហំ​ ៨.៦០​ហិ​កតា​ នៅ​ភូមិ​ស្លែ​ដីដុះ​ ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ដើម្បី​ធ្វើ​ ស​.​ជ​.​ណ​ របស់​រាជរដ្ឋាភិបាល​ដោយ​ឈ្មោះ​ សួន​ ផ​ល្លី​ សន្យា​ថា​ នឹង​ឱ្យប្រាក់​ទៅ​ខ្លួន​ ៥០.០០០$​ ក្រោយ​ពី​ធ្វើ​បាន​សម្រេច​ តែ​ខ្លួន​ បាន​ទារ​លុយ​មុន​ចំនួន​១០.០០០$​ ។​ ដល់​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២១​ ឈ្មោះ​ សួន​ ផ​ល្លី​ បាន​ទូរ​សព្ទ​ណាត់​ខ្លួន​ទៅ​ជួប​នៅ​ហាង​កាហ្វេ​ដដែល​ និង​បាន​ប្រគល់​ប្រាក់​ចំនួន​ ១០.០០០$​ ទៅ​ឱ្យ​ខ្លួន​ដើម្បី​រត់ការ​។​ ​បន្ទាប់​មក​ខ្លួន​ក៏​បាន​ទៅ​ជួប​អ្នក​កាត់ត​ឯកសារ​ ដែល​ស្គាល់គ្នា​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ ដើម្បី​ឱ្យ​កាត់ត​ឯកសារ​ធ្វើ​ ស​.​ជ​.​ណ​ ដោយ​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​ ១០០$​។​ ដល់​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២១​ អ្នក​កាត់ត​បាន​ផ្ញើ​រូបភាព​លិខិត​បង្គាប់ការ​ គ្មាន​លេខ​ គ្មាន​ត្រា​ គ្មាន​ហត្ថលេខា​ មក​ឱ្យ​ខ្លួន​។​ ខ្លួន​ក៏​ផ្ញើ​បន្ត​ទៅ​ឱ្យឈ្មោះ​ សួន​ ផ​ល្លី​មើល​។​ ក្រោយ​ពី​ព្រមព្រៀង​គ្នា​លើ​ខ្លឹមសារ​ហើយ​ ខ្លួន​ក៏​បានឱ្យ​អ្នក​កាត់ត​ នោះ​ធ្វើ​លិខិត​បង្គាប់ការ​ ដោយ​មាន​លេខ​ ឈ្មោះ​ ត្រា​ និង​ហត្ថលេខា​ របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ដែល​ចុះ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២១​។​

​ក្រោយមក​ទៀត​ខ្លួន​បាន​ថតចម្លង​លិខិត​នេះ​ ហើយ​ណាត់ជួប​ឈ្មោះ​ សួន​ ផ​ល្លី​ ដើម្បី​ប្រគល់​លិខិត​នេះ​ឱ្យទៅ​គាត់​ និង​ទទួល​បាន​ប្រាក់​កក់​ ពី​ឈ្មោះ​ សួន​ ផ​ល្លី​ ១០.០០០$​ ទៀត​។​ រយៈពេល​ប្រហែល​មួ​យស​ប្តា​ហ៍​ក្រោយមក​ ឈ្មោះ​ សួន​ ផ​ល្លី​ បាន​ទាក់ទង​សួរ​អំពី​លិខិត​ច្បាប់​ដើម​ ខ្លួន​ក៏​បាន​កុហក​ឈ្មោះ​ សួន​ ផ​ល្លី​ ថា​ ម្តង​ថ្ងៃនេះ​ ម្តង​ថ្ងៃ​នោះ​ មិន​បាន​ប្រគល់​ច្បាប់​ដើម​ឱ្យ​ទេ​។​

​លទ្ធផល​ស្រាវជ្រាវ​ ៖​ ឈ្មោះ​ យ៉ា​ន់​ ចំណាប់​ ពិតជា​បាន​ធ្វើ​លិខិត​បង្គាប់ការ​ លេខ​ ០៣៨​ អ​អរ​/២១​ ចុះ​ថ្ងៃ​ទី​២៦.០១.២០២១​ ចុះហត្ថលេខា​ដោយ​ សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ (​ឯកសារ​ក្លែងក្លាយ​)​ និង​ បាន​យក​លិខិត​បង្គាប់ការ​នេះ​ទៅ​ឱ្យឈ្មោះ​ សួន​ ផ​ល្លី​ ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​២៨.០១.២០២១​ ពិតប្រាកដ​មែន​។​ ចំណែក​ឈ្មោះ​ សួន​ ផ​ល្លី​ ក៏​បាន​យក​លិខិត​បង្គាប់ការ​នេះ​ដដែល​ទៅ​ឱ្យឈ្មោះ​ យ៉ែ​ម​ សា​រឿ​ន​ ប្រើប្រាស់​ពិតប្រាកដ​មែន​។​ ឯ​ឈ្មោះ​ យ៉ែ​ម​ សា​រឿ​ន​ បាន​យក​លិខិត​នេះ​ទៅ​ឱ្យឈ្មោះ​ ម៉េ​ង​ ដើម្បី​យក​ទៅ​សួរ​ ស្មៀន​ ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ដើម្បី​ដាក់​ឱ្យ​អនុវត្ត​ ។​ ការ​ធ្វើ​លិខិត​បង្គាប់ការ​នេះ​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ប្រាក់​ត្រឡប់​មក​វិញ​ឈ្មោះ​ យ៉ែ​ម​ សា​រឿ​ន​ ផ្តល់​ប្រាក់​ ចំនួន​២១.០០០$​ (​ពីរ​ម៉ឺន​មួយ​ពាន់​ដុល្លារ​)​ ទៅ​ឱ្យឈ្មោះ​ សួន​ ផ​ល្លី​ ហើយ​ឈ្មោះ​ សួន​ ផ​ល្លី​ បាន​យក​ប្រាក់​ ចំនួន​២០.០០០$​ (​ពីរ​ម៉ឺន​ដុល្លារ​)​ឱ្យទៅ​ឈ្មោះ​ យ៉ា​ន់​ ចំណាប់​ កាលពី​ថ្ងៃ​ទី​១៨.០១.២០២១​ វេ​ល​ម៉ោង​ ១៣:០០​នាទី​ ។​ បើ​តាម​កិច្ចសន្យា​ធ្វើ​ឡើង​រវាង​ឈ្មោះ​យ៉ែ​ម​ សា​រឿ​ន​ និង​ឈ្មោះ​ សួន​ ផ​ល្លី​ នៅ​ពេល​ណា​ដែល​ឈ្មោះ​ សួន​ ផ​ល្លី​ រត់ការ​បាន​សម្រេច​ លើ​ការ​ស្នើរ​សុំ​ ស​.​ជ​.​ណ​ ពី​រាជរដ្ឋាភិបាល​ និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ នៃ​ដី​ទំហំ​ប្រហែល​៨.៦០​ហិ​កតា​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ភូមិ​ស្លែង​ដីដុះ​ ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ គឺ​តម្រូវ​ឱ្យឈ្មោះ​ យ៉ែ​ម​ សា​រឿ​ន​ ផ្តល់​ប្រាក់​ចំនួន​ ១.៥០០.០០០$​ (​មួយ​លាន​ហាសិប​ម៉ឺន​ដុល្លារ​)​ ទៅ​ឱ្យឈ្មោះ​ សួន​ ផ​ល្លី​ ។​

​ករណី​នេះ​បាន​បែកធ្លាយ​ដល់​ថ្នាក់ដឹកនាំ​ និង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ រហូត​ចាត់វិធានការ​តាម​ផ្លូវច្បាប់​តែ​ម្តង​ ៕