កុំចេះតែហ៊ាន! ជនសង្ស័យ ២នាក់ ដែលបំភ្លៃព័ត៌មានពាក់ព័ន្ធ វ៉ាក់សាំងកូវីដ១៩ ត្រូវបានឃុំខ្លួន

0

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១លោក ធ្វាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកា ឃុំខ្លួនជាបណ្តោះអាសន្ន លើជនសង្ស័យពីរនាក់ ដែលបានសរសេរបង្ហោះព័ត៌មាន បំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ១៩ និងបង្កចលាចលដល់សន្តិសុខសង្គម ខណៈកម្ពុជាកំពុងរីករាលដាលជំងឺកូវីដ១៩។

ការសម្រេចឃុំខ្លួនជនទាំង ពីរនាក់នេះ ក្រោមចោទប្រកាន់ពីបទ៖ «ញុះញង់បង្កភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ»។

ដីការបស់ចៅក្រម ធ្វាំ ប៊ុណ្ណា លេខ១៨១៣ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចបង្គាប់ឲ្យឃុំឈ្មោះ ធន ច័ន្ទថា មានខ្លឹមសារយ៉ាងដូច្នេះថា៖

១៖ ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួន ជនត្រូវចោទដែលមានឈ្មោះ ធន ច័ន្ទថា ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។

២៖ ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួល និងឃុំខ្លួនជននេះរហូតដល់មាន បទបញ្ជាថ្មីសម្រេចផ្សេងពីនេះ

៣៖ ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈ ទាំងអស់សហការអនុវត្ត ឲ្យបានល្អនៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់។

ដោយឡែកដីការបស់ចៅក្រម ធ្វាំ ប៊ុណ្ណា លេខ១៨១៤ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចបង្គាប់ឲ្យឃុំឈ្មោះ ម៉ី សុផន មានខ្លឹមសារយ៉ាងដូច្នេះថា៖

១៖ ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ម៉ី សុផន ទៅមណ្ឌលអប់រំកែប្រែទី១២ (ម២) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។

២៖ ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី២ (ម២) ទទួល និងឃុំខ្លួនជននេះរហូតដល់ មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ

៣៖ ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈ ទាំងអស់សហការអនុវត្ត ឲ្យបានល្អនៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់។

ការសម្រេចឃុំខ្លួនជនទាំងពីរខាងលើនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចនៃ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងនៃអធិការដ្ឋាន នៅថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនមនុស្សពីរនាក់ ក្នុងក្របខណ្ឌបទល្មើសជាក់ស្តែង ពាក់ព័ន្ធនឹងការសរសេរបង្ហោះព័ត៌មាន បំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ១៩ ខណៈកម្ពុជាកំពុងរីករាលដាលជំងឺកូវីដ១៩។

ជនសង្ស័យ ២នាក់ដែលកម្លាំងសមត្ថកិច្ចាប់ខ្លួន ទី១៖ ឈ្មោះ ធន ចន័្ទថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ ម៉ី សុផន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នាំមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់។

ជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពផ្សព្វផ្សាយ ព័ត៌មាននូវខ្លឹមសារមានជាអាទិ៍៖ ទី១៖ បំភ្លៃពត៌មាន ពាក់ពន្ធ័នឹងវ៉ាក់សាំងកូវីដ១៩ ដែលកាលៈទេសៈកម្ពុជា កំពុងរីករាលដាលជម្ងឺកូវីដ។ ទី២៖ ធ្វើការញុះញង់ ប្រមូលផ្តុំប្រជាពលរដ្ឋមកធ្វើការតវ៉ាទាមទារ ជ្រកក្រោមលេស សិទ្ធិសេរីភាព ប៉ុន្តែបង្កប់នូវឧបាយកលទុច្ចរិត ដើម្បីបង្កចលាចលដល់សន្តិសុខសង្គម។
តាមការជាក់ស្តែងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤៖៥៣នាទី ឈ្មោះ ធន ច័ន្ទថា បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ «ធន ច័ន្ទថា» តំណភ្ជាប់លេខ ១០០០៤៥០៨៨២៤៤៣៩៩ បានធ្វើការបង្ហោះអត្ថបទមានខ្លឹមសារថា «បើនិយាយឲ្យចំទៅបើវាកើតមែនងាប់រាដាលពេញប្រទេស ហើយមិនចាំបាច់ទៅឆ្ងល់ឡើយ ឥឡូវនេះបែបទប់លែងជាប់អត់មាន ប្រាក់ខែបើកមន្ត្រីរាជការក៏មិនដឹងផង រកល្បិចគ្រប់វិធីដើម្បីរកជំនួយ ពីបរទេសហើយទើបទប់ជាប់»។ ដែលមានអ្នកចូលមើលចំនួន ១៧៨ដង។

ដោយឡែក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះ ម៉ី សុផន បានប្រើប្រាស់បណ្តាញសង្គម Facebook បង្ហោះជាសាធារណៈមានខ្លឹមសារថា «កម្ពុជាជាប្រទេសមួយដែលមិនមាន ការឆ្លងជម្ងឺរលាកផ្លូវដង្ហើម (កូវីដ១៩) ឬស្លាប់ដោយជម្ងឺនេះគួរឲ្យព្រួយបារម្ភឡើយ។ ហេតុអ្វីបានជារដ្ឋាភិបាលឯកបក្សប្រញាប់ប្រញាល់ អំពាវនាវអោយប្រជារាស្ត្រខ្មែរ ចាក់វ៉ាក់សាំងរបស់ចិន ដែលមិនទាន់បានទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO) យ៉ាងតក់ក្រហល់បែបនេះ? ក្នុងនាមប្រជាពលរដ្ឋខ្មែរសាមញ្ញម្នាក់ នាងខ្ញុំយល់ឃើញថា ជាហេតុផលនយោបាយច្រើនជាង ក្នុងចេតនាចង់ការពារជម្ងឺឆ្លង នេះជូនប្រជាពលរដ្ឋ។ ដោយហេតុថា ចង់ផ្គាប់ចិត្តចិន ជួយការពារអំណាច និងជួយជ្រោមជ្រែងអោយលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តពីលោកទី១។ ទី២ បង្វែរការចាប់អារម្មណ៍ពីសហគមន៍ជាតិ និងអន្តរជាតិ ចំពោះវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ នៅកម្ពុជានាពេលបច្ចុប្បន្ន»៕