ភ្នំពេញ៖ នោះរឿងធំហើយលោក ផែង វណ្ណៈ ត្រូវបានលោកផ្កាយ៣ ប៊ុនប៉ា ម៉ារីលុច គំរាមយកលោកដាក់គុក ព្រោះតែរឿងលោកបានចុះផ្សាយ ពីករណីជម្លោះដីធ្លីយ៉ាងក្តៅគគុក នៅឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក ផែង វណ្ណៈ បានសរសេរលើហ្វេសប៊ុក កាលពី១៧ម៉ោង មុន ក្នុងន័យដើមទាំងស្រុងដូចខាងក្រោម៖
ផ្កាយបី ប៊ុនប៉ា ម៉ារីលុច គំរាមយកផែង វណ្ណៈ ដាក់គុក ?
នៅថ្ងៃនេះដែរខ្ញុំទទួលបាន ព័ត៌មានពីបងប្អូនប្រាប់មកថា លោកឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច គំរាមចាប់ខ្ញុំដាក់គុក ដែលខ្ញុំហ៊ាននិយាយប៉ះពាល់ក្រុមហ៊ុន ហ្វូហាយ របស់បងប្រុសគាត់ ។ ខ្ញុំមិនទាន់ដឹងច្បាស់ថា លោក ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច នេះ និយាយពិត ឬ អត់ទេ ។ តែបើនិយាយពិតក៏ខ្ញុំមិនកោតខ្លាច ញញើតចំពោះបុគ្គលរូបនេះដែរ ។ បុគ្គលរូបនេះដើរ និយាយស្អី ដើរធ្វើស្អីនៅតំបន់ ពយម៉ាចូវ មិនមែនខ្ញុំមិនដឹងទេ ។ ដើរយកឈ្មោះថ្នាក់ដឹកនាំគំរាមគេយ៉ាងម៉េចខ្លះ មានតែលោក លុចទេទើបដឹងការពិត ។ ខ្ញុំព្យាយាមសុំបំភ្លឺពីគាត់ដែរ តែគ្មានលេខទំនាក់ទំនង ។
ចំណែកប្រជាពលរដ្ឋដែល កំពុងរងការធ្វើទុក្ខបុកម្នេញពី ក្រុមហ៊ុន ហ្វូហាយ បន្តនាំគ្នាដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅ ប្រធានសាលាដំបូងខេត្តព្រះសីហនុ ដើម្បីជួយដោះស្រាយបញ្ហារបស់ពួកគាត់ ។ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ព្រឹកស្អែក អាជ្ញាធរមូលដ្ឋាន និងសូរិយោដី នឹងជួបតំណាងប្រជាពលរដ្ឋ នៅមុខវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ដើម្បីចូលរួមចុះពិនិត្យវាស់វែង ដីទីតាំងជាក់ស្ដែង ។
ទាក់ទិននឹងករណីនេះដែរ មិនទាន់ឃើញមានការឆ្លើយតប ពីលោកផ្កាយ៣ ប៊ុនប៉ា ម៉ារីលុច នៅឡើយទេ ៕