ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តត្បូងឃ្មុំ ជាពិសេសអ្នកដែលរស់នៅស្រុកត្បូងឃ្មុំ ដែលពាក់ព័ន្ធក្នុងកម្មវិធីឡើងគេហដ្ឋាន នៅភូមិស្លាប់ក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅទីតាំង ដែលមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ។
ការប្រកាសអំពាវនាវនេះ ក្រោយពីមានបុរសជនជាតិខ្មែរម្នាក់ រស់នៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានមុខរបរជាអ្នក រត់ Pass App បានមកចូលរួមកម្មវិធីឡើងគេហដ្ឋាន នៅស្រុកត្បូងឃ្មុំ ។
បន្ទាប់ពីបានទទួលព័ត៌មាន ពីក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញបុរសម្នាក់ ដែលបានមកចូលរួមកម្មវិធីឡើងគេហដ្ឋាននេះ មានផ្ទុកជំងឺកូវីដ-១៩ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឲ្យដឹកនាំចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាដែល ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ។
មុខសញ្ញាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ក្នុងនោះអ្នកពាក់ព័ន្ធរួមមាន៖
១-ក្រុមគ្រួសារ ឪពុក ម្តាយ កូន ចំនួន៣នាក់ (ប្រុសម្នាក់និង ស្រី២នាក់ រស់នៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ) រស់នៅភូមិនៅភូមិស្លាប់ក្ដោង។
២-អ្នករួមតុចំនួន៧នាក់ ប្រុសទាំងអស់ រស់នៅភូមិស្លាប់ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
៣-ប្រជាពលរដ្ឋ ចំនួន៣នាក់ (ប្រុសម្នាក់និងស្រី២នាក់) រស់នៅភូមិ៣២ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
៤-ម្ចាស់កម្មវិធី ចំនួន៤នាក់ (ប្រុស៣នាក់ និង ស្រីម្នាក់) រស់នៅភូមិស្លាប់ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវ ដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីឡើងគេហដ្ឋាន និងអ្នកពាក់ព័ន្ធនៅស្រុកត្បូងឃ្មុំ សូមសហការជាមួយ សមត្ថកិច្ច និងមន្ត្រីជំនាញ ដោយត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅទីតាំង ដែលមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានរៀបចំ នៅមន្ទីរពេទ្យបង្អែក ព្រះនរោត្តម សីហនុ ត្បូងឃ្មុំ ។
ដោយឡែកចំពោះបងប្អូនដែលមិនស្ថិត នៅក្នុងព្រឹត្តិការណ៍ខាងលើ ប្រសិនបើមានរោគសញ្ញាផ្តាសាយ ដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ឬ មានរោគសញ្ញាស្រដៀងសូមអញ្ជើញ ទៅពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង បងប្អូនស្នាក់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ ៕