កូនតិរច្ឆាន៖ ផឹកស៊ីស្រវឹង ខឹងឪពុកស្ដីបន្ទោស ទាញដងចមវាយសម្លាប់ឪពុក ស្លាប់ក្នុងថ្លុមឈាម

0

ភ្នំពេញ៖ ជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនភ្លាមៗ បន្ទាប់ ពីទាញដងចប វាយសម្លាប់ឪពុកបង្កើតស្លាប់ក្នុងថ្លុកឈាម និងបន្តវាយអ្នកជិតខាង បណ្ដាលឱ្យរបួសចំនួន៣នាក់បន្ថែមទៀត ពេលចូលឃាត់។

ករណីហិង្សាឈានដល់អំពើឃាតកម្ម នេះបានកើតឡើង នៅវេលាម៉ោង១៣និង១០នាទីថ្ងៃសុក្រទី២៦ ខែកុម្ភ: ឆ្នាំ២០២១ នៅភូមិស្លារ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។

ជនដៃដល់ដែល ត្រូវចាប់ខ្លួនឈ្មោះ សេន រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិកើតហេតុ។

រីឯជនរងគ្រោះទី១.ឈ្មោះ សេន ញ៉ាត ភេទប្រុសអាយុ៧៧ឆ្នាំ (ត្រូវជាឪពុកបង្កើតរបស់ជនដៃដល់) រងរបួសបែកក្បាលផ្នែកខាងក្រោយ(ស្លាប់នៅកន្លែង)

ជនរងគ្រោះទី២.ឈ្មោះ ប៊ុត ផាត ភេទប្រុស អាយុ៦៦ឆ្នាំ របួសដៃស្តាំដាច់ចេញឈាម។

ជនរងគ្រោះទី៣.ឈ្មោះ តក់ ផាន់ ភេទស្រី អាយុ៦៧ឆ្នាំ ជាជនពិការជើងត្រូវត្រគាកខាងស្តាំជាំខ្មៅ។

ជនរងគ្រោះទី៤.ឈ្មោះ ឈុយ ឆេន ភេទប្រុស អាយុ៥៦ឆ្នាំ វាយបំផ្លាញទ្រព្យសម្បត្តិ(ផ្ទះ)

ប្រភពបានឱ្យ«ដើមរាំង»ដឹងថា៖ នៅមុនពេលកើតហេតុ ជនដៃដល់បានផឹកស៊ីស្រវឹងជោគជាំ។

ខណៈនោះជនរងគ្រោះជាឪពុក បានស្ដីបន្ទោស រួចក៍ទាស់ពាក្យសម្ដីប្រកែកគ្នាទៅវិញទៅមកតឹងសសៃ..រៀងខ្លួន!

ភ្លាមនោះជនដៃដល់ឈ្មោះ សេន រ៉ាន់ បានស្ទុះទៅយកដងចប ប្រវែង១.៤០ម៉ែត្រ មកវាយនិងសំពងក្បាល ជនរងគ្រោះជាឪពុកបង្កើតសាប់យ៉ាងញាប់ដៃ បណ្ដាលឱ្យឪពុកឈ្មោះ សេន ញ៉ាត ស្លាប់ក្នុងថ្លុកឈាម!

ឃើញបែបនោះក្រុមជនរងគ្រោះជាអ្នកជិតខាងបានទៅជួយឃាត់និងចាប់ ទាញបំបែក។

ស្រាប់តែជនដៃដល់ ហក់ទៅយកដែកជើងព្យួរខោអាវ ប្រវែង១.៣០ម៉ែត្រ វាយទៅលើក្រុមជនរងគ្រោះទាំង៣នាក់បន្ថែមទៀតបណ្ដាលឱ្យរបួសគ្រប់គ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលស្រុកគិរីវង់ ក្រោមបញ្ជាផ្ទាល់ពីលោក សុខ សំណាង ស្នងការនគរខេត្តតាកែវ

និងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបឈានដល់ ឃាត់ខ្លួនជនដៃដល់ភ្លាមៗក្រោយបង្កហេតុ៕