តារាសម្តែងជើងចាស់ហុងកុងលោក Ng Man-tat បានទទួលមរណភាពហើយ នៅថ្ងៃសៅរ៍នេះ ក្នុងអាយុ ៧០ឆ្នាំ បន្ទាប់ពីមានជំងឺមហារីកថ្លើម។
មិត្តភក្តិជិតស្និទ្ធម្នាក់របស់គាត់ឈ្មោះ Tenky Tin Kai-man បាននិយាយថា លោក Ng Man-tat បានស្លាប់នៅម៉ោង ៥:១៦នាទីល្ងាច នៅក្នុងមន្ទីរពេទ្យ Union។ សមាជិកគ្រួសារលោក Ng Man-tat រួមទាំងប្រពន្ធកូន និងបងប្អូនរបស់គាត់ បាននៅក្បែរនឹងសាកសពរបស់គាត់
ដែលដេកស្តូកស្តឹងលើគ្រែ។
Tin បាននិយាយថា៖ “គាត់បានចាកចេញពីពួកយើងដោយស្ងប់ស្ងាត់។ គ្រូពេទ្យបានចេញវេជ្ជបញ្ជា អោយថ្នាំធ្វើឱ្យគាត់មានអារម្មណ៍ធូរស្បើយ។ គាត់បានទទួលមរណភាពហើយ នៅក្នុងដំណេករបស់គាត់” ។ ប៉ុន្តែ Tin បានបដិសេធមិនរៀបរាប់អំពីស្ថានភាពផ្លូវចិត្ត របស់សមាជិកគ្រួសារលោក Ng Man-tat ដោយនិយាយថាគ្មាននរណាម្នាក់ ចង់ឃើញមនុស្សជាទីស្រឡាញ់របស់ពួកគេស្លាប់នោះទេ។
លោក Ng Man-tat ដែលចាប់ផ្តើមអាជីពសិល្បៈរបស់គាត់នៅអាយុ ២២ ឆ្នាំក្នុងឆ្នាំ ១៩៧៣ ត្រូវបានគេស្គាល់ដោយសារ
ការសម្តែងរបស់គាត់នៅក្នុងខ្សែភាពយន្ត ជាមួយតារាកំប្លែង Stephen Chow Sing-chi រួមមានរឿង “The Final Combat”, “The Justice of Life” និង “Shaolin Soccer” ។ ក្នុងឆ្នាំ ១៩៩១ តារាសម្តែងរូបនេះទទួលបាន ការគាំទ្រយ៉ាងខ្លាំង ក្រោយបានទទួលពានរង្វាន់ជាតារាឆ្នើម របស់ខ្សែភាពយន្តហុងកុង សម្រាប់ការសម្តែងរបស់គាត់ នៅក្នុងរឿង“ Moment of Romance” ដែលមានតារាឆ្នើម Andy Lau Tak-wah រួបសម្តែងផងដែរ។
លោក Ng Man-tat ក៏ទទួលបានពានរង្វាន់ជាច្រើនសម្រាប់ការសម្តែងរបស់គាត់ រួមមានពានរង្វាន់ហុងកុងភាពយន្ត និងពានរង្វាន់សេះមាស របស់តៃវ៉ាន់។ Ng Man-tat បានជួបបញ្ហាសុខភាពកាន់តែយ៉ាប់យ៉ឺនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅឆ្នាំ ២០១៤ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារបញ្ហាដង្ហើម ហើយក្រោយមកគាត់ត្រូវបាន គេធ្វើរោគវិនិច្ឆ័យ ថាមានជំងឺខ្សោយបេះដូង៕
ប្រភព៖ thestandard




