ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃតុលាការខេត្តព្រះវិហារ បានចេញដីកាបង្គាប់ ឱ្យនាំខ្លួនជនជាប់ចោទ ម្នាក់ ពីបទកាប់រុករានទន្ទ្រាដីរដ្ឋ ជាកម្មសិទ្ធិដាក់ក្នុងពន្ធនាគារខេត្ត កាលពីរសៀលថ្ងៃទី២៥ខែកុម្ភៈ។ ក្រោយការចាប់ខ្លួន ដោយមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត នៅក្នុងដែនព្រៃការពារធម្មជាតិ នៅប្រាសាទតាម៉ៅ ក្នុងភូមិរលំឡែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី កាលពីរំលងអាធ្រាត្រ ចូលថ្ងៃទី២៥កុម្ភៈឆ្នាំ២០២១។
លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ បានឱ្យអ្នកសារព័ត៌មាន ដឹងនៅថ្ងៃ២៦ កុម្ភៈនេះ ថា៖ ការកាប់រានដីព្រៃរដ្ឋនោះ ក៏ត្រូវគេសង្ស័យថា ជនជាប់ចោទ មានគូកនច្រើននាក់ទៀត និងមានទាំងអ្នកមានអំណាច និងលុយកាក់នៅពីក្រោយ នៃការទន្ទ្រានដីព្រៃរដ្ឋនោះ។
លោកអនុប្រធានមន្ទីរបរិស្ថាន បានបន្តថា នៅល្ងាចថ្ងៃទី២៥ កុម្ភៈ លោកទីវគឹមពិសាល ចៅក្រមស៊ើបសួរ បានបញ្ចប់ការសាកសួរ និងបានចេញដីកាឃុំខ្លួន ជាបណ្តោះអាសន្ន ជនជាប់ចោទម្នាក់ ឈ្មោះឆុងផាន់ ភេទប្រុសអាយុ១៩ឆ្នាំ។ ជននេះត្រូវបានចោទ តាមមាត្រា៦២ ពីបទកាប់រុករានទន្ទ្រានយកដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដោយខុសច្បាប់ យកមកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន៕