ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបាន សមត្ថកិច្ចជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ។
ជនសង្ស័យមានឈ្មោះ មឿន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅរោងកម្មករក្នុងបុរីមួយកន្លែង ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងតបតាមបណ្តឹរបស់នារីរងគ្រោះ ដោយប្តឹងពីបទប៉ុនប៉ង រំលោភសេពសន្ថវៈ។
តាមចម្លើយ សារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយខ្លួនគេងពុំលក់ ខ្លួនក៏ងើបដើរសំដៅ ទៅបន្ទប់របស់នារីរងគ្រោះ ដែលជាកម្មករសំណង់ ជាមួយគ្នា ពេលដើរទៅដល់មុខបន្ទប់ របស់នាងឃើញបន្ទប់បានបិទជិត ខ្លួនក៏ចូលទៅហែកទ្វារ ដើម្បីលូនចូលទៅក្នុងបន្ទប់ របស់នារីរងគ្រោះ ហើយក៏ឃើញនាង កំពុងគេងម្នាក់ឯង ឆ្លៀតឱកាសល្អខ្លួន បានស្ទុះទៅឱប នាងពីលើ ស្រាប់តែនាងដឹងខ្លួន បានចាប់កអាវខ្លួនជាប់ និងស្រែកឲ្យគេជួយ ហើយក៏មានបុរសម្នាក់ ជាមេជាងដែលគេង នៅបន្ទប់ក្បែរនោះ រត់មកជួយចាប់រូបខ្លួនប្រគល់ ឲ្យសមត្ថកិច្ចអាវុធហត្ថ ខណ្ឌច្បារអំពៅ តែម្តងទៅ។ ហើយជនសង្ស័យ ខាងលើនេះធ្លាប់បានប្រើប្រាស់ គ្រឿងញៀន អស់រយៈពេលជាងមួយឆ្នាំ មកហើយ៕