ភ្នំពេញ៖ រថយន្ដ ៣គ្រឿងបុកគ្នា បណ្ដាលឲ្យផ្ទុះឆេះ ២គ្រឿងខ្ទេចទាំងស្រុង ខណៈមានមនុស្ស ៣នាក់ រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះ បានកើតឡើង នៅមុននេះបន្តិច នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ។
បើតាមនគរបាលក្រុងព្រៃវែង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត៣គ្រឿង បើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿង បានបើករំលោភចូលផ្លូវអាទិភាព ទើបបណ្ដាលឲ្យបុកពេញទំហឹងផ្ទុះឆេះរថយន្ត២គ្រឿង ខូចខាតស្ទើរទាំងស្រុង និងមនុស្ស៣នាក់បានរងរបួសបាក់ជើង២នាក់ និងម្នាក់ទៀតចុកចាប់ពេញខ្លួន។
ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ពន្លត់ភ្លើង ។ ចំណែកអត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ខណៈរថយន្ដទាំង ៣គ្រឿង ត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ រង់ចាំដោះស្រាយពេលក្រោយ ៕




