ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចាប់ជនជាតិបារាំងម្នាក់ ពីបទប្រើប្រាស់អាវុធខុសច្បាប់ មានសារធាតុញៀន ក្នុងខ្លួននិងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ ។
មន្ត្រីចុះប្រតិបត្តិការ បានឱ្យដឹងថាដោយទទួលបាន បទបញ្ជាពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះបានចុះចាប់ ជនជាតិបារាំងម្នាក់ នៅក្នុងបុរីសុភមង្គល ផ្ទះជួលលេខH12B ផ្លូវជាតិលេខ៦ ខណ្ឌជ្រោយចង្វា ករណីស្នាក់ នៅខុសច្បាប់,ប្រើប្រាស់អាវុធខុសច្បាប់,មានសារធាតុញៀនក្នុងខ្លួន និងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ។
មន្ត្រីដដែលបានបន្តថា ជនជាតិបារាំងរូបនេះ ឈ្មោះ BAUDRY SEBASTIEN ភេទប្រុស អាយុ៤៣ឆ្នាំ។បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូន ទៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីពិនិត្យ រកមេរោគឆ្លង កូវីដ-១៩ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា បណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផល និងចាត់ការបន្តតាម នីតិវិធីច្បាប់៕




