ភ្នំពេញ៖ ខឹងប្ដីផឹកស៊ីស្រវឹង តែងតែរករឿងក្នុងគ្រួសារជាញឹកញាប់ ស្រ្តីជាប្រពន្ធទ្រាំមិនបាន យកក្រមារឹតក លោតអុកនឹងជង្គង់ និងប្រើដំបងវាយរហូតដល់សា្លប់ រួចឡើងជិះម៉ូតូ បម្រុងរត់គេចខ្លួន ។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ កេន គែល ភេទប្រុស អាយុ៤៩ឆ្នាំ ស្រុកកំណើត ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ចំណែកស្ត្រីជនសង្ស័យជាប្រពន្ធឈ្មោះ ផាន នាង អាយុ៤២ឆ្នាំ ស្រុកកំណើត នៅភូមិលោ ឃុំកម្ព័ន ស្រុកមេម៉ត ខេត្តត្បូងឃ្មុំ បច្ចុប្បន្ននៅជាមួយជនរងគ្រោះ ។
ប្រភពដដែលបន្តថា ចំពោះមូលហេតុ ដែលនាំឲ្យកើតមានអំពើឃាតកម្មនេះ គឺដោយសារស្រ្តីជាប្រពន្ធ ខឹងប្តីពេលផឹកស្រាស្រវឹងម្តងៗ តែងបង្កជម្លោះ ដោយទ្រាំមិនបានស្រ្តីជាប្រពន្ធ បានយកក្រមារឹតក លោតអុកនឹងជង្គង់ និងប្រើដំបងវាយ បណ្តាលឱ្យប្តីសា្លប់ហើយបានជិះម៉ូតូ បម្រុងរត់គេចខ្លួន ។ ប៉ុន្តែក្រោយពីការរត់គេច មិនបានប៉ុន្មានម៉ោងផង ត្រូវកម្លាំងសមត្ថកិច្ចចុះចាប់ខ្លួន ៕