ភ្នំពេញ៖ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ (CRPP) បានប្រកាសត្រៀមខ្លួន និងរៀបចំរួចរាល់សម្រាប់ទទួល និងព្យាបាលអ្នកជំងឺឆ្លង កូវីដ១៩ (Covid-19) ទៅតាមការចាត់តាំងរបស់ សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាល ប្រកបដោយសុវត្ថិភាពខ្ពស់ ។
យោងតាមហ្វេសប៊ុក មន្ទីរពេទ្យជោរៃ នៅរសៀលថ្ងៃទី២២ កុម្ភៈនេះ បានឲ្យដឹងថា «មន្ទីរពេទ្យ ជោរៃ ភ្នំពេញ (CRPP) ពិតជាមានកិត្តិយសយ៉ាងខ្លាំង ដោយបានទទួលការវាយតម្លៃយ៉ាងខ្ពស់ និងភាពជឿជាក់លើកំរិត ជំនាញផ្នែកវេជ្ជសាស្ត្រ និងសមត្ថភាពព្យាបាល ពីរាជរដ្ឋាភិបាលជាពិសេស ពីក្រសួងសុខាភិបាល ។ យើងខ្ញុំ សូមជម្រាបជូនដល់ សាធារណជនឲ្យបានជ្រាបថា យើងបានរៀបចំរួចរាល់ទទួល និងព្យាបាលអ្នកជម្ងឺឆ្លង កូវីដ១៩ (Covid-19) ទៅតាមការចាត់តាំងរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាល ប្រកបដោយសុវត្ថិភាពខ្ពស់» ។
ដោយឡែក មន្ទីរពេទ្យ ក៏បានរៀបចំតំបន់ដាច់ដោយឡែក យ៉ាងពិសេសសម្រាប់អ្នកជម្ងឺ កូវីដ១៩ (Covid-19) ដោយមិនមានផលប៉ះពាល់ ទៅអ្នកជម្ងឺផ្សេងៗទៀតឡើយ។ អាស្រ័យដូចនេះសូមអតិថិជន ដែលមកទទួលសេវាព្យាបាលជម្ងឺផ្សេងៗ កុំមានការព្រួយបារម្ភនិងភ័យខ្លាចអ្វីឡើយ ៕