ភ្នំពេញ៖ សមត្ថកិច្ចចំរុះមាននគរបាល កងរាជអាវុធហត្ថ យោធា ព្រមទាំងអាជ្ញាធរ បានសហការគ្នាធ្វើការបោសសម្អាតបរិវេណ និងជញ្ជូនតុចេញពីបន្ទប់រៀន ធ្វើការសម្អាតឲ្យបានស្អាត ដើម្បីត្រៀមទុកធ្វើជាមណ្ឌលចត្តាឡីស័ក ខណៈដែលអ្នកផ្ទុកជម្ងឺកូវីដ១៩ និងអ្នកជាប់ពាក់ព័ន្ធមានការកើតឡើង ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ជាមួយគ្នានោះដែលនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏មានវត្តមាននៅទីនោះផងដែរ ដើម្បីបញ្ជាដឹកនាំកងកម្លាំងនគរបាលជាច្រើនរូប ធ្វើការរួមគ្នាជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធផងដែរ ។
ក្នុងប្រតិបត្តិការបោសសម្អាតទីតាំងវិទ្យាល័យ ហ៊ុន សែន តាខ្មៅនេះដែរ លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ក៏បានបញ្ជាឲ្យកម្លាំងនគរបាលការិយាល័យបង្ការ និងពន្លត់អគ្គភ័យ ចេញឡានទឹកចំនួន ២គ្រឿង ដើម្បីបាញ់សម្អាតអគារវិទ្យាល័យ ឲ្យបានស្អាត ទុកសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធមកស្នាក់នៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ។ បន្ទាប់ពីជញ្ជូនតុសម្រាប់សិស្សរៀនចេញ និងបោសសម្អាតរួច សមត្ថកិច្ចនិងធ្វើការជញ្ជូនគ្រែ ចូលក្នុងបន្ទប់ជំនួសវិញផងដែរ ដើម្បីទុកសម្រាប់អ្នកធ្វើចត្តាឡីស័កសម្រាក ៕




