ស្វែងយល់អំពី ស្ថានភាពអ៊ីនធឺណិត និងបច្ចេកវិទ្យា នៅព្រះរាជាណាចក្រកម្ពុជា!

0

នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា កំពុងទទួលយកភាពជឿនលឿន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ប្រើប្រាស់ជាមធ្យោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។

យោងរបាយការណ៍ចេញផ្សាយដោយ Hootsuite នៅឆ្នាំ២០២០ ព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតប្រមាណ ៤៧ក្រុមហ៊ុន ចំណែកតួរលេខនៃការប្រើប្រាស់អ៊ីនធឺណិតមានចំនួន ៨,៨៦លាននាក់ (៥២,៦%) អ្នកប្រើប្រាស់បណ្តាញសង្គមមានចំនួន ១២លាននាក់ (៧១,៣%) ចំនែកការប្រើប្រាស់សេវាទូរស័ព្ទ មានប្រមាណ ២១,១៨លាននាក់ ស្មើនឹង ១២៥,៨% ប្រៀបធៀបនឹងចំនួនសរុប នៃប្រជាជនកម្ពុជា។ បន្ថែមលើការប្រើប្រាស់បណ្តាញអ៊ីនធឺណិត តាមរយៈការស្រាវជ្រាវលើ ប្រព័ន្ធស្វែងរកឧបករណ៍បច្ចេកវិទ្យា (Internet of Things – IoT របស់កម្មវិធី Censys និង Shodan) បង្ហាញថាកម្ពុជាមានអាសយដ្ឋានអាយភី (Public IP Addresses) តភ្ជាប់អ៊ីនធឺណិតប្រមាណ ១៨២.៧៦៤ អាយភី នៅតាមបណ្តារាជធានីខេត្ត។

បើយើងក្រឡេកមកមើល ការវិវឌ្ឍនៃឧស្សាហកម្មទី៤ (Industry 4.0) ការរីកលូតលាស់នៃបណ្តាញអ៊ីនធឺណេត ប្រព័ន្ធទិន្នន័យធំ (Big Data) ប្រព័ន្ធ Cloud Computing បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ការចាប់យកប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យា ក្នុងការពង្រឹងគុណភាពសេវាសាធារណៈ និង បច្ចេកវិទ្យាឌីជីថល ជាច្រើនទៀត បានជម្រុញព្រះរាជាណាចក្រកម្ពុជា ឈានជើងចូលក្នុងយុគ្គសម័យសេដ្ឋកិច្ចឌីជីថល (Digital Economy) និងរដ្ឋាភិបាលឌីជីថល (Digital Government)។ ការផ្លាស់ប្តូរមកមកប្រើប្រាស់ប្រព័ន្ធ ឌីជីថល នឹងផ្តល់ជាគុណប្រយោជន៍ បន្ថែមថ្មីដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា ហើយក៏បានជម្រុញឲ្យការរស់នៅ របស់ពលរដ្ឋកម្ពុជាកាន់តែ មានភាពងាយស្រួលផងដែរ។

ដើម្បីធានាបាននូវសុខមាលភាពនៃបច្ចេកវិទ្យា និងការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព គាំទ្រសេដ្ឋកិច្ចឌីជីថល (Digital Economy) រដ្ឋាភិបាលឌីជីថល (Digital Government) និងបង្កើនប្រសិទ្ធភាពក្នុងការ តភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យា របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្ត ខិតខំបង្កើតនូវគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគត្តិយុត្តផ្សេងៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា តួយ៉ាង៖
– ច្បាប់ស្តីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”
– ច្បាប់ស្តីពី “កិច្ចការពារអ្នកប្រើប្រាស់”
– ច្បាប់ស្តីពី “បទល្មើសបច្ចេកវិទ្យាព័ត៌មាន” (ស្ថិតក្នុងសេចក្តីព្រាង)
– អនុក្រឹត្យស្តីពី “ការគ្រប់គ្រងប្រើប្រាស់ និងការពារសុវត្ថិភាពទិន្នន័យអត្តសសញ្ញាណបុគ្គល ” (ស្ថិតក្នុងសេចក្តីព្រាង)
– អនុក្រឹត្យស្តីពី “ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ”
– អនុក្រឹត្យស្តីពី “ការផ្តល់ការអនុញ្ញាតបំពេញប្រតិបត្តិការ លើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”
– អនុក្រឹត្យស្តីពី “ហត្ថលេខាឌីជីថល”
– បទបញ្ញាតិស្តីពី “គោលការណ៍ណែនាំការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា TRM” របស់ធនាគារជាតិ នៃកម្ពុជា។

បញ្ជាក់៖ ឯកសារគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគត្តិយុត្តផ្សេងៗ មានច្រើនជាងនេះ និងកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងសេចក្តីព្រាង។