ភ្នំពេញ៖ ជនដៃដល់ម្នាក់ទៀតសរុប២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានកម្លាំង នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យ ទាំងនោះបានឈ្លោះប្រកែកគ្នា និងកាប់ទៅលើយុវជនមួយក្រុមទៀតដែលមានគ្នា ចំនួន៤នាក់បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់កាលពី ជិតមួយឆ្នាំមុន។
ការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នៅចំណុចផ្ទះជួលលេខ ១៣ ផ្លូវបេតុង ក្នុងភូមិត្នោតជ្រំ៤សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។
មន្ត្រីនគរបាលជំនាញ បានឲ្យដឹងថា ៖
ជនសង្ស័យទី១–ឈ្មោះ ផុន ភិន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលក្នុងភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញឃាត់ខ្លួនថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
ទី២–ឈ្មោះ ផេក ចក្រា អាយុជាង២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យឃាត់ខ្លួនថ្ងៃទី២៩ ខែកុម្ភៈ ២០២០។
ចំណែកឯជនរងគ្រោះ៖
ទី១–ឈ្មោះ លិន ឈឿន អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (ស្លាប់)។
ទី២–ឈ្មោះ អ៊ុន ស៊ា អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យត្រូវរបួសក្បាលភ្នែកនិងស្រាំលលាដ៍ក្បាល។
មន្ត្រីនគរបាលជំនាញ បានបន្តទៀតថា កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅមុនពេលកើតហេតុជនរងគ្រោះរួមទាំងមិត្តភក្កិបាននាំគ្នាអង្គុយផឹកស្រាក្រឡុកនៅម្ដុំលើស្ពានថ្មផ្លូវផ្សារទួលពង្រស្ថិតនៅទីតាំងកើតហេតុ។ខណៈដែលពួកគេចប់ការស៊ីផឹករួចបម្រុងទៅផ្ទះជួលស្របពេលដែលជនរងគ្រោះកំពុងដើរចេញក៏មានការទាក់ពាក្យសម្ដីគ្នាជាមួយនឹងក្រុមជនសង្ស័យមានគ្នាចំនួនពីរនាក់ដែលដើរកាត់ពីខាងមុខហាង។
ពេលដែលទាក់ ពាក្យសម្ដីគ្នានោះ ជនសង្ស័យបានទូរស័ព្ទទៅហៅបក្ខពួកមានគ្នាចំនួន៣នាក់បន្ថែមទៀតមកជួយប្រដាប់ដោយអាវុធគ្រប់ដៃរួចក៏ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់។ ក្រោយពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យក៏បានរត់គេចខ្លួន បាត់ស្រមោលតែម្ដង។បន្ទាប់មក ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកជនរងគ្រោះម្នាក់ក៏បានស្លាប់ទៅ។
សមត្ថកិច្ចបន្តទៀតថាក្រោយមកកម្លាំងក៏បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនិងដកហូតកាំបិតធំចុងស្រួចមួយដេីម។ រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ សមត្ថកិច្ចបន្តតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចផ្ទះជួលលេខ ១៣ ផ្លូវបេតុងភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងជំនាញ ព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យកំពុង កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់តុលាការចំណែកឯបក្ខពួក ដែលនៅសេសសល់ កម្លាំងកំពុងបន្តការស្រាវជ្រាវ តាមចាប់បន្តទៀត៕