ខឹងគោវ៉ៃរទេះ! មានកំហឹងជាមួយប្អូនថ្លៃ បែរកាប់ត្រូវប្អូនស្រីបង្កើត ស្លាប់ទៅវិញ

0

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាន កម្លាំងនគរបាលស្រុក ព្រនេត្រព្រះ ឃាត់ខ្លួនពីបទប្រើអំពើហឹង្សាមានស្ថានទម្ងន់ទោស ដោយយកកាំបិតខ្វែវកាប់ទៅលើប្អូនស្រីបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០៦និ៣០នាទីព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

វរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ជនដៃដល់ឈ្មោះ យ៉ុន យ៉ាន ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ សព្វថ្ងៃនៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ យ៉ុន យ៉េន ភេទស្រី អាយុ ៣៩ឆ្នាំ ត្រូវជាប្អូនស្រីបង្កើត រស់នៅផ្ទះជាមួយគ្នា ។ជនរងគ្រោះត្រូវជនសង្ស័យ ( កាប់ក្នុងផ្ទះមុខបន្ទប់ទឹក) ត្រូវក្បាលផ្នែកខាងស្តាំ ប្រវែង១៨ ស,ម ដាច់កូនដៃស្តាំ ០១ ត្រូវខ្នងដៃឆ្វេង ប្រវែង ០៧ ស, ម ជនរងគ្រោះពេលបញ្ជូនទៅពេទ្យស្លាប់តាមផ្លូវ ។

លោកអធិការបានបញ្ជាក់ថា៖ ក្រោយពីកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគគរបាលស្រុក ដើម្បីធ្វើការសួរនាំ ។នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា៖ខ្លួន មានបំណងកាប់ទៅលើឈ្មោះ ជឿយ អេស អាយុ៤១ឆ្នាំជាប្អូនថ្លៃ( ប្តីរបស់ប្អូនស្រី ) ដោយខឹងនឹងឈ្មោះ ជឿយ អេស ជាប្អូនថ្លៃ ដើរលេងច្រើននិងបំផ្លាញទ្រព្យសម្បតិ្ត ប្រាក់ក្នុងផ្ទះអស់ច្រើន ទើបនៅព្រឹកថ្ងៃទី១៩ខែកុម្ភៈនេះគាត់មានបំណងកាប់ឈ្មោះ ជឿយ អេស តែឈ្មោះ អេស នោះ នៅក្នុងបន្ទប់មិនចេញក្រៅដោយចាក់គន្លឹះជាប់ នៅពេលនោះគាត់ឃើញឈ្មោះ យ៉ុន យ៉េន ដែលតែងតែកាងប្តី ចេញពីបន្ទប់ទឹកនៅក្នុងផ្ទះហើយគាត់ក៏មានចេតនា បានយកកាំបិតខ្វែវនោះកាប់ទៅលើ យ៉ុន យ៉េន អោយស្លាប់តែម្តង។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា៖ ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕