ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានរកឃើញអត្តសញ្ញាណសិស្សសាលា ជិះរថយន្តពាក់ផ្លាកលេខនប បំពាក់សុីរ៉ែន ទៅសាលារៀន និងអ្នកពាក់ព័ន្ធករណីនេះ២នាក់ផ្សេងទៀត។
សេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទាក់ទងទៅនឹងករណីក្មេងប្រុសម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជន នៅខណ្ឌជ្រោយចង្វារ ដែលបានប្រេីប្រាស់រថយន្ត ពាក់ផ្លាកលេខ នប បំពាក់សុីរ៉ែន ជិះទៅសាលារៀនមនុស្ស៣នាក់ ដែលពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជន ដែលបានបេីករថយន្ត ផ្លាកលេខនបទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្ត ត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីីនគរបាលនៅបណ្ឌិតសភា នគរបាលជាតិ រួមជាមួយម្ចាស់ដេីមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាល នៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បន្ទាប់ពីបានការរាយការណ៍ ពីប្រជាពលរដ្ឋ ក៏ដូចជាការចុះផ្សាយព័ត៌មាន នៅលេីបណ្តាញសង្គមហ្វេសបុកភ្លាម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ធ្វេីការសហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដេីម្បីធ្វេីការស្រាវជ្រាវឲ្យបានដឹងច្បាស់អំពីព័ត៌មានដែលបានចុះផ្សាយ នេះ ក្រោយពីធ្វេីការចុះស្រាវជ្រាវដល់ទីតាំង សាលារៀនដោយផ្ទាល់ បានឲ្យដឹងថាពិតជាមាន សិស្សសាលាម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម បានជិះរថយន្ត ផ្លាកលេខនប បំពាក់សុីរ៉ែន មកសាលារៀនពិតប្រាកដមែន ។
រហូតមកដល់រសៀល ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក បានរកឃេីញរថយន្តនេះ និងបាននាំយកទាំងរថយន្ត និងអ្នកបេីកបរ ដេីម្បីធ្វេីការសួរនាំនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
នៅរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ អ្នកពាក់ព័ន្ធទាំង៣រូបខាងលេី ត្រូវបានសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោក ធ្វេីការកោះហៅឲ្យចូលខ្លួនមកបំភ្លឺ លេីករណីប្រេីប្រាស់ រថយន្តផ្លាកលេខនប បំពាក់សុីរ៉ែនជិះទៅសាលារៀន ។
តាមចម្លេីយរបស់ក្មេងប្រុស តាន់ សម្បត្តិឧត្តម បានទទួលស្គាល់កំហុសនិងបានសារភាពថារូបគាត់ពិតជាបានយករថយន្ត បងប្រុសរបស់គាត់ ដែលពាក់ផ្លាកលេខ នប បំពាក់សុីរ៉ែន ជិះទៅសាលារៀនពិតប្រាកដមែន ។
តាមការស្រាវជ្រាវ និងបញ្ជាក់យ៉ាងច្បាស់ពីការិយាល័យភស្តុភា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តដែលពាក់ផ្លាកលេខ នប 2. 8763 មិនមាននៅក្នុងបញ្ជីសារពេីភណ្ឌរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡេីយ ជាក់ស្តែងរថយន្តនេះត្រូវបានម្ចាស់ដេីមឈ្មោះ ភ័ណ្ឌ ជីវ័ន ដែលជាអតីតមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ( បច្ចុប្បន្នជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ) បានស្នេីសុំធ្វេីផ្លាកលេខ នប យកមកបំពាក់លេី រថយន្តឯកជនរបស់ខ្លួន តាំងពីឆ្នាំ២០១៦មកម្ល៉េះ លុះមកខែតុលា ឆ្នាំ២០២០ ឈ្មោះ ភណ្ឌ ជីវ័ន បានលក់រថយន្តនេះទៅឲ្យ មិត្តភក្ត្ររបស់ខ្លួនឈ្មោះ តាន់ វិទ្យាបុត្រ ដែលជាមន្ត្រីនគរបាល នៅរាជបណ្ឌិតសភានគរបាលជាតិ ។ អ្នកព័ន្ធទាំង៣រូបនេះ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ជាពិសេសបានធ្វេីការសុំទោសជាសាធារណ: ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសសមត្ថកិច្ចនគរបាលជាតិ នូវកំហុសរបស់ខ្លួនដែលបានអនុញ្ញាតឲ្យប្អូនប្រុសរបស់ខ្លួនប្រេីប្រាស់រថយន្តពាក់ផ្លាកលខនប បំពាក់សុីរ៉ែន ជិះទៅសាលារៀន ដែលខុសពីច្បាប់បានកំណត់ ។
ក្រោយពីទទួលស្គាល់កំហុស ធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ:រួច សមត្ថកិច្ចការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការប្រគល់រថយន្ត និងមនុស្សទាំង៣នាក់នេះ ទៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ដេីម្បីត្រួតពិនិត្យឲ្យបានច្បាស់អំពីផ្លាកលេខ ជាពិសេសនីតិវិធីផ្សេងៗពាក់ព័ន្ធនឹង ការលក់ដូររថយន្តផ្លាកលេខ នប និងការប្រេីប្រាស់រថយន្ត ពាក់ផ្លាកលេខនប បំពាក់សុីរ៉ែន ជិះទៅសាលារៀន ដោយជនសុីវិល ដែលមិនមែនជាសមត្ថកិច្ច ។
ម្យ៉ាងវិញទៀតដោយរថយន្តនេះ មិនមែនជារថយន្តរបស់អង្គភាព នាយកដ្ឋានចរាចរណ៍ នឹងធ្វេីការដោះសុីរ៉ែនចេញ ហេីយដោយការយករថយន្តនេះទៅប្រេីប្រាស់ ខុសគោលការណ៍ សមត្ថកិច្ចនឹងធ្វេីការដកហូត ផ្លាកលេខ នប មករក្សាទុកមិនអនុញ្ញាតឲ្យប្រេីប្រាស់ បន្តទៀតឡេីយ ។ ចំណែកម្ចាស់ដេីមរថយន្ត និងម្ចាស់បច្ចុប្បន្ន ដែលជាមន្ត្រីប៉ូលិស នាយកដ្ឋានចរាចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវគោក នឹងធ្វេីរបាយការណ៍គោរពជូន ទៅប្រធានអង្គភាពរបស់គាត់ទាំងពីរ ដេីម្បីអនុវត្តបន្ត និងដាក់វិន័យកងកម្លាំង ចំពោះកំហុសនេះផងដែរ ៕