ស្រីស្រស់២នាក់ បើកឡានលឿនដូចហោះ បុកជញ្ជាំងផ្ទះពលរដ្ឋ រួចឡើងលើកង់បី គេចខ្លួនបាត់ស្រមោល

0

ភ្នំពេញ៖ នារីរូបស្រស់២នាក់ បានបើករថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកផ្ទប់ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋ ពេញទំហឹងបណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំ សំណាងល្អ មិនមានគ្រោះថ្នាក់ ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧ និង២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧៣ ក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់ផ្ទះ បានរៀបរាប់ឲ្យដឹងថាមុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាកព្រូស មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2-BJ 4821បើកបដោយនារីម្នាក់ រួមដំណើរនិងស្រ្ដីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយ ផ្លូវ២៧៣ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកផ្ទប់និងជញ្ជាំងផ្ទះ បណ្តាលឲ្យរងការខូចខាត មួយចំនួន។ រួចម្ចាស់ផ្ទះក៏បានរត់ទៅឃាត់នារី ជានាក់បង្ករដែរ តែមិនព្រមឈប់ក៏រត់ឡើង លើកង់បី ជិះគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុរួច បានរាយការណ៍ទៅខាងជំនាញចរាចរណ៍ ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តស្ទូចមកស្ទូច យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយ នៅពេលក្រោយ៕