កុំចេះតែហ៊ាន! បញ្ជូនបណ្តាញ របស់មេខ្យល់ នាំមនុស្សឆ្លងដែន ទៅប្រទេសថៃ ២នាក់ ទៅតុលាការ

0

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ មានឈ្មោះ វឹង វាសនា ហៅង៉ោល ភេទប្រុស អាយុ៤៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហ៊ូន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ ដែលជនទាំង២នាក់នេះ ជាបណ្តាញមេខ្សល់ម្នាក់ឈ្មោះ ចែ ណយ ត្រូវចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា បន្ទាប់ធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន០៥នាក់ មកពីភូមិប្រកនាគ ឃុំចើងដឹង ស្រុកបារាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកថ្មពួករួចមក ។ កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាជាបណ្តាញនាំមនុស្សឆ្លងដែនពីខ្មែរទៅថៃ ដែល មានមេខ្យល់ឈ្មោះចែណយ កំពុងនៅប្រទេសថៃ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ វឹង វាសនា ហៅង៉ោល ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មុខរបរជាអ្នករត់តាក់ស៊ីស្វាយទៅបឹងត្រកួន និងឈ្មោះ ហ៊ូន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិកៀនកេះ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង រត់តាក់ស៊ី បាត់ដំបងមកស្វាយ ជនសង្ស័យទាំង០២នាក់ ពាក់ព័ន្ធក្នុងការដឹកជញ្ជូនពលករយកទៅឲ្យឈ្មោះចែ ណយ ជាមេខ្សល់ នៅចំណុចបឹងត្រកួន ដើម្បីធ្វើដំណើរដោយខុសច្បាប់ទៅប្រទេសថៃ ។ នេះបើយោងតាមការបំភ្លឺរបស់ពលកររងគ្រោះទាំង០៥នាក់ និងចម្លើយសារភាពជនសង្ស័យទាំង០២នាក់ ។

លោកស្រីឧត្តមសេនីយ៍ ស្នងការរង បានបញ្ជាក់ថា៖បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ដើម្បីវែករកមុខមេខ្យល់និងបក្ខពួកបន្ថែមទៀត៕