ខឹងសុំស្រឡាញ់មិនបាន យុវជនម្នាក់យកដំបងឈើជ្រុង វាយក្មេងស្រី ២នាក់បងប្អូនរបួសធ្ងន់ដេកពេទ្យ

0

ភ្នំពេញ៖ ខឹងសុំស្រឡាញ់មិនយុវជនម្នាក់ យកដំបងឈើជ្រុងវាយក្មេងស្រី ២នាក់បងប្អូន រងរបួសធ្ងន់ដេកពេទ្យ ។ ក្រោយកើតហេតុបានប៉ុន្មានថ្ងៃ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។

យុវជនបង្កឈ្មោះ ហេវ ត្រង់ត្រៀវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិគ្រឹង មុខរបរ មិនពិតប្រាកដ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះទាំង ២នាក់រួមមាន៖ ១-ឈ្មោះ ក្លង ជូច ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិគ្រឹង មុខរបរ ជាសិស្ស រស់នៅភូមិ/ឃុំកើតហេតុខាងលើ បណ្តាលអោយរបួសធ្ងន់ចំក្បាល។ ២-ឈ្មោះ ក្លង ដូច ភេទស្រី អាយុ១១ឆ្នាំ ជនជាតិគ្រឹងមុខរបរជា សិស្ស របួសធ្ងន់ចំក្បាលដូចគ្នា។

ចំពោះមូលហេតុនៃការបង្កហិង្សានេះ គឺកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ជនបង្កបានសុំស្រលាញ់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនព្រមស្រលាញ់ ធ្វើឲ្យជនបង្កខឹងសម្បាយ៉ាងខ្លាំង ក៏ប្រើអំពើហិង្សាតែម្តងទៅ។

ក្រោយពីធ្វើសកម្មភាពរួច កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចាអ៊ុង បានធ្វើការចុះស្រាវជ្រាវតាមរកជនបង្ក ពេលស្រាវជ្រាវរកឃើញក៏បាននាំខ្លួន ជនបង្កមកអធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕