ភ្នំពេញ៖ ជនសង្ស័យម្នាក់សម្ងំលាក់ខ្លួន ក្នុងបង្គន់នៅផ្សារទំនើបស៊ីធីម៉ល លុះពេលស្ត្រីជាអ្នកធ្វើអនាម័យមកដល់ ច្របាច់.ក រួចវាយប្លន់យកទូរស័ព្ទដៃបានសម្រេច តែរត់គេចខ្លួនមិនរួច ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៥ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្សារទំនើប ស៊ីធីម៉ល សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុខ តូលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ វ៉ាន់ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកអនាម័យ។
បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានលាក់ក្នុងបង្គន់ក្នុងផ្សារទំនើប ស៊ីធីម៉ល។ ពេលនោះនារីរងគ្រោះកំពុងធ្វើអនាម័យ ក្នុងបន្ទប់ទឹកស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាព ច្របាច់.ក និង វាយស្ត្រីអនាម័យម្នាក់នេះ ប្លន់យកទូរស័ព្ទដៃ ១គ្រឿង។ ក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យបានរត់គេចខ្លួន តែត្រូវបានសន្តិសុខផ្សារ តាមចាប់ខ្លួនបានមកវិញ ភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញខណ្ឌ ៧មករា កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធី ៕