ធ្ងន់កហើយ រឿងចត្តាឡីស័ក! អ្នកគេចវេះអាចត្រូវពិន័យដល់ ៥លានរៀល រីឯអ្នកផ្តើមគំនិត ឬបញ្ចុះបញ្ចូលអាចពិន័យដល់ ៥០លានរៀល

0

ភ្នំពេញ៖ ធ្ងន់កហើយពេលនេះ អ្នកដែលគេចវេះមិនធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យពី ១លានរៀល ទៅ ៥លានរៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល រីឯអ្នកដែលផ្ដើមគំនិត ឬបញ្ចុះបញ្ចូលនាំគេ ឱ្យគេចវេះពីការចត្តាឡីស័ក ត្រូវទទួលពិន័យពី ១០លានរៀល ទៅ ៥០លានរៀល ។

នេះបើយោងតាមអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹតលេខ ១២៨ អនក្រ.បក ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិនៃជំងឺនៅតាមច្រកទ្វាចេញចូល ។

ក្នុងអនុក្រឹត្យថ្មីបានសម្រេចបង្កើន ការផាកពិន័យធ្ងន់ធ្ងរសម្រាប់ អ្នកមិនអនុវត្តការធ្វើចត្តាឡីស័ក និងបានបញ្ចូលបន្ថែមពីការ ពិន័យចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនាដល់អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្តវិធានចត្តាឡីស័កផងដែរ ។

ក្នុងអនុក្រឹត្យបញ្ជាក់ច្បាស់ៗថា «មាត្រា៨ថ្មី បានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចវេះមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័ក ក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។ មាត្រា៨ថ្មីនេះ បានចែងទៀតថា ជនណាដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយ ចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល។ ការពិន័យអន្តរការណ៍ជាសមត្ថកិច្ច របស់ក្រសួងសុខាភិបាល» ។

ក្នុងករណីជនល្មើសមិនព្រម បង់ប្រាក់ពិន័យអន្តរការណ៍ ក្នុងរយៈពេល ៣០ថ្ងៃគិតចាប់ពីថ្ងៃទទួលបាន សេចក្ដីសម្រេចស្ដីពីការពិន័យអន្តរការណ៍ មន្ត្រីក្រសួងសុខាភិបាលដែលមាន នីតិសម្បទាជានគរបាលយុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន។ ទម្រង់បែបបទនៃបង្កាន់ដៃពិន័យ និងការគ្រប់គ្រងប្រាក់ដែលបាន មកពីការពិន័យអន្តរការណ៍ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួង របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ក្នុងមាត្រានេះចែងបន្តថា ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវ ខាងព្រហ្មទណ្ឌផ្សេងទៀត ដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។
ក្នុងករណីដែលអ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនមិនព្រមអនុវត្ត តាមបទប្បញ្ញត្តិនៃកថាខណ្ឌខាងលើ មន្ត្រីចត្តាឡីស័កត្រូវសហការជាមួយ នឹងអាជ្ញាធរពាក់ព័ន្ធដើម្បីបដិសេធការចេញចូល ព្រះរាជាណាចក្រកម្ពុជា ៕