ភ្នំពេញ៖ លោក ហាក់ លី មន្ត្រីនគរបាលសក្ដិ៤ ត្រូវបានតម្រួតបទបញ្ជានៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ក្រោយលោកសក្ដិ៤រូបនេះ ផឹកស៊ីស្រវឹងស្រឿងៗ ហៅស្រីទៅដេកជាមួយ តែមិនបានដូចបំណង ស្រាប់តែផ្ទុះកំហឹង ដោយបានប្រើហិង្សាលើម្ចាស់ហាង KTV និងបំផ្លិចបំផ្លាញសម្ភារៈអស់ជាច្រើន ។
យោងតាមហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ កុម្ភៈនេះ បានឲ្យដឹងថា ករណីលោកវរសេនីយ៍ទោ ហាក់ លី ដែលបានបង្កអំពើហិង្សានៅខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺ ជូនមហាជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ហាក់ លី ពិតជាបានបង្កអំពើហិង្សាទៅលើនារីម្នាក់ នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង ពេលនេះលោក ហាក់ លី ត្រូវបានតម្រួតបទបញ្ជានៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ម្យ៉ាងវិញទៀតស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ ព្រះអជ្ញារខេត្តព្រៃវែងជាមុនសិន ។
សូមរំលឹកថា យោងតាមហ្វេសប៊ុកផេក Pheng Vannak News ដែលបង្ហោះកាលពីថ្ងៃទី១៤ កុម្ភៈ បានសរសេរថា « ហាក់ លី មន្ត្រីល្មោភកាមផឹកស៊ីស្រវឹង ហៅនាងៗទៅរួមភេទមិនបាន បានប្រើហិង្សាលើម្ចាស់ហាង KTV និងបំផ្លិចបំផ្លាញសម្ភារៈ របស់ម្ចាស់ហាងអស់ជាច្រើន។ ហេតុការណ៍នេះកើតឡើងនៅស្រុកពារាំង ខេត្តព្រៃវែង យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ ពេលនេះជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងប្ដឹងទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទាមទាររកយុត្តិធម៌» ៕