អាងអីចេះ! ស្លៀកសារុងឈរពាំងមុខឡាន អធិការរងក្រុង ហើយវាយប៉ូលិសទៀត

0

ភ្នំពេញ៖ បុរសស្រវឹងខួប និងបែកថ្នាំញៀនម្នាក់ ស្លៀកសារុងដើរអុកឡុកតាម​ផ្លូវ ដេញវាយគេឯង ថែមទាំងឈរពាំងមុខ បម្រុងវាយរថយន្តលោកអធិការ នគរបាលក្រុងកំពង់ចាម ហើយស្រាតស្រាតខោ បង្ហាញប្រដាប់ភេទឌឺដាក់ទៀត ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល​ កាលពីម៉ោង ៥៖២០នាទីល្ងាច ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបំបែកជាបួន រវាងព្រំប្រទល់សង្កាត់សំបួរមាស-សង្កាត់វាលវង់ ក្រុងកំពង់ចាម។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់នេះ បានដើរចេញពីផ្លូវដី ក្នុងសង្កាត់សំបូរមាស ឡើងមកលើផ្លូវថ្នល់ ដោយដោះអាវស្លៀកសារុង ឈរនៅកណ្ដាលថ្នល់ ​លើកដៃសំពះបិទភ្នែក។ បន្ទាប់មក ពេលដែលប្រជាពលរដ្ឋជិះម៉ូតូ និងរថយន្តឆ្លងកាត់​ទីនោះ បុរសនោះ ក៏ស្រែកស្ដីបន្ទោសឱ្យគេជាខ្លាំង។ ​នៅពេលមានម៉ូតូកង់បីបើកកាត់ បុរសនោះ ក៏លោតធាក់ម៉ូតូគេទៀត តែសំណាងល្អម៉ូតូ ​គេចផុត និងបានរត់មកធាក់ម៉ូតូគេ ដាក់នៅមុខផ្ទះដួល ដោយពុំដឹងមូលហេតុ។ ពេលបុរសម្នាក់ បានជិះម៉ូតូចេញពីទិសខាងត្បូង ឡើងមកជើង ពុំទាន់នឹងឆ្លងថ្នល់ឲ្យបានត្រឹមត្រូវផង ត្រូវបុរសប្រមឹកនេះ ដាល់មួយដៃ បណ្ដាលឲ្យដួលម៉ូតូ​ ហើយបានព្យាយាមវាយលើបុរសជិះម៉ូតូម៉ាក today នោះបន្ថែមទៀត តែគេចេះតែថយក្រោយ គេចផុត បន្ទាប់មក មានរម៉កម៉ូតូលក់​ប្រហិតចៀន ដែលជាប្រពន្ធរបស់បុរសបើកម៉ូតូ today ជិះមកដល់បន្តបន្ទាប់ ក៏ត្រូវបុរសប្រមឹកនោះ ព្យាយាមវាយអ្នកជិះម៉ូតូដែលជាស្ត្រីភេទ តែបានគេចផុត ដោយមានការអន្តរាគមន៍ពីសំណាក់ប្រជាពលរដ្ឋ នៅក្បែរនោះ ម៉ូតូរម៉ក ក៏បានជិះទៅមុខផុត។ បន្តិចក្រោយមក ពេលដែលមានរថយន្តម៉ាក CRV របស់លោកអធិការរងនគរបាល​ក្រុងកំពង់ចាម បើកមកដល់ ក៏ត្រូវបុរសប្រមឹកនេះ បានឈរពាំងពីមុខ និងបម្រុង​វាយរថយន្ត ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់វាលវង់ ចុះមកដល់ ជួយអន្តរាគមន៍ ដោយឱ្យបុរសប្រវឹកនោះ ចេញពីមុខរថយន្តលោកអធិការរង ក៏បានបើកទៅ​អែបចិញ្ចើមថ្នល់។ កម្លាំងនគរបាលជាច្រើននាក់ មកដល់បន្តបន្ទាប់ ដោយបង្គាប់ឲ្យបុរសប្រមឹក​អង្គុយនៅស្ងៀម តែបុរសនេះ មិនស្ដាប់ការណែនាំរបស់សមត្ថកិច្ច ព្រមទាំងបាន​ហក់មកវាយ លើកម្លាំងនគរបាលថែមទៀត។ បុរសប្រមឹកបានព្យាយាមរត់បម្រុងគេចខ្លួន តែត្រូវបានកម្លាំងនគរបាល មានគ្នាយ៉ាងហោចណាស់ជិត ១០នាក់ បានចាប់ក្របួចជាប់ ធ្វើឱ្យមានការភ្ញាក់​ផ្អើល មនុស្សរាប់រយនាក់ឈរមើល។

បុរសម្នាក់នោះ ឈ្មោះ លី ម៉ាអែល ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិរកាលើ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាមនុស្សស្រវឹងខួប តែងដេ​ក​តាមចឹញ្ចើម​ផ្លូវ។ ពេលក្រុមគ្រួសាររវល់ ឈ្មោះ លី ម៉ាអែល តែងដើរផឹក និងដេកបែប​នេះជារឿយៗ។

​​រហូតមកដល់ព្រឹកថ្ងៃទី១៥ កុម្ភៈ ​ម្ដាយរបស់បុរសនេះ បានទាក់ទងមកប៉ុស្តិ៍រដ្ឋបាល​សង្កាត់សំបូរមាស ដោយឲ្យជួយទំនាក់ទំនង ទៅមជ្ឈមណ្ឌលអប់រំកែប្រែ និងបន្សាប​គ្រឿង​ញៀននៅរាជធានីភ្នំពេញ ដើម្បីនាំបុរស ឈ្មោះ ម៉ា អែល ទៅដាក់ទីនោះ ដើម្បីសុវត្ថិភាពដល់ក្រុមគ្រួសារ និងមិនឲ្យប៉ះពាល់អ្នកដទៃតទៅទៀត​ ៕