លោក ពេជ្រ ស្រស់៖ អំពើពុករលួយ គឺជាជីដាក់ឲ្យភាពអយុត្តិធម៌ លូតលាស់លឿន ធ្វើឲ្យកើតឡើងនូវសង្គមងងឹត

0

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា អំពើពុករលួយ គឺជាជីដាក់ឲ្យភាព អយុត្តិធម៌ លូតលាស់លឿនធ្វើឲ្យកើតឡើងនូវសង្គម ងងឹត ស្របពេលព្រះច័ន្ទ និងព្រះអាទិត្យនៅពនាចរនៅឡើយ ។

លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ កុម្ភៈនេះ ក្នុងន័យដើមទាំងស្រុងថា អំពើពុករលួយ គឺជាជីដាក់ឲ្យភាព អយុត្តិធម៌ លូតលាស់លឿនធ្វើឲ្យកើតឡើងនូវសង្គម ងងឹត ស្របពេលព្រះច័ន្ទ និងព្រះអាទិត្យនៅពនាចរនៅឡើយ។ នៅក្នុងសង្គមជាតិមួយ បើមិនអាចកម្ចាត់អំពើពុករលួយបានទេ គឺជាកំហុសរបស់មេដឹកនាំសង្គមគ្រប់ជាន់ថ្នាក់ ហើយកំហុសរបស់មេដឹកនាំក្នុងសង្គមជាតិនោះ មានពីរយ៉ាងដូចតទៅនេះ៖

កំហុសទី១៖ គឺមេដឹកនាំក្នុងសង្គម ពុករលួយអសមត្ថភាព គ្រប់គ្រងមន្រ្តីក្រោមឱវាទ ពីថ្នាក់ក្រោមដល់ថ្នាក់កំពូលនិង គ្មានគោលការណ៍អនុវត្តច្បាប់ឲ្យបានម៉ឺងមាត់ ដោយយកការគ្រប់គ្រងសង្គមនិយមបក្ខពួក រហូតចិញ្ចឹមមន្រ្តីលោភលន់ ក្នុងជួរការដឹកនាំរបស់ខ្លួន ក្លាយទៅជាជង្រុកសត្វខ្មួត ។

កំហុសទី២៖ គឺមេដឹកនាំក្នុងសង្គម ពុករលួយគ្រប់ជាន់ថ្នាក់ ចូលរួមនិងបើកដៃឲ្យមានអំពលពុករលួយ គឺគិតអំពីផល ប្រយោជន៍ផ្ទាល់ធំជាង ផលប្រយោជន៍រួម ហើយថែមទាំងមិនខ្វល់ពីយុត្តិធម៌សង្គមឡើយ ជាពិសេស ពួកទាំងនោះធ្វើអាជីវកម្មលើសេចក្តីទុក្ខសោក នៃពលរដ្ឋខ្លួនឯងដោយមិនគិតពីសុខមាលភាព សង្គមមនុស្សនោះឡើយ ហើយ
សង្គមពុករលួយតែងតែដណ្តើម ឈាមរាស្រ្តហុតមិនខ្វល់ថា ឈាមរាស្រ្តអ្នកមាន ឬក៏ឈាមរាស្រ្តអ្នកក្រនោះទេ។

សង្គមពុករលួយ នឹងបាត់បង់យ៉ាងឆាប់រហ័សក្រោមការ ដឹកនាំពីក្រុមមនុស្សជំនាន់ថ្មី ដែលផ្តល់តម្លៃដល់មនុស្ស គ្រប់គ្នាជាគ្រួសារតែមួយ និងស្គាល់ពីភាពឈឺចាប់ របស់មនុស្សទាំងពួង សង្គមមួយ ដែលដឹកនាំដោយរូបខ្ញុំបាទ ពេជ្រ ស្រស់ ផ្ទាល់គឺខ្ញុំធានា មិនឲ្យមានអំពើពុករលួយបំផ្លាញសង្គម និងបំផ្លាញប្រជាពលរដ្ឋណាមួយនោះឡើយ ដោយគណបក្សយុវជនកម្ពុជា នឹងដឹកនាំប្រទេសប្រកាន់ យកគោលការណ៍អនុវត្តច្បាប់ ស្មើភាពជាគោលធំកំពូល ហើយដាក់ពិន័យឲ្យតឹងរឹងបំផុត លើជនទាំងឡាយណា ប្រព្រឹត្តិអំពើពុករលួយនៅក្នុង សង្គមដឹកនាំដោយខ្ញុំបាទ ពីព្រោះថា៖ ថ្នាក់ដឹកនាំរបស់ គណបក្សយុវជនកម្ពុជា ស្គាល់ការឈឺចាប់របស់មនុស្ស និង ស្គាល់ពីភាពវិនាស សកម្មនៅក្នុងសង្គមកើត ពីអំពើពុករលួយយ៉ាងច្បាស់ ៕