ភ្នំពេញ៖ ប្រភពច្បាស់ការពីទីចាត់ការគយ និងរដ្ឋាករ បានអោយដឹងថា បន្ទាប់ពីមានការរិះគន់ខ្លាំងទៅលើទង្វើ របស់លោក ឈួន សោភា ប្រធានគយចល័តតំបន់៥ ចាប់រថយន្តអង្គភាពយោធាការពារព្រំដែន រហូតបណ្ដាលអោយទាហានការពារព្រំដែនម្នាក់ តូចចិត្តរត់ទៅចងកសម្លាប់ខ្លួននោះ ពេលនេះថ្នាក់លើបានដកលោក ឈួន សោភា ឡើងមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករដើម្បីស៊ើបអង្កេត ។
ប្រភពបានអោយដឹងទៀតថា លោក យឹម ផល្លី អនុប្រធានគយចល័តតំបន់៥ ត្រូវបានថ្នាក់លើតែងតាំង អោយឡើងជាប្រធានស្ដីទី ជំនួសលោក ឈួន សោភា ។ នេះបើតាមការអះអាងរបស់លោក ផែង វណ្ណៈ នៅលើគេហទំព័រហ្វេសប៊ុក។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៥ ធ្លាប់បានអះអាងថា លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះថ្នាក់ចរាចរ គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មានលុយគាត់បានខ្ចីលុយគេដោះស្រាយ លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខ ព្រោះទើបចេញពីជាង) ក៍ត្រូវគយចល័តតំបន់៥ចាប់ សូមបញ្ជាក់ថារថយន្តនោះ ម៉ាកវីហ្គោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខ ប្រើប្រាស់ច្រើនឆ្នាំហើយ លោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៍ដោះស្រាយមិនចេញ ដោយសារការរឿងនេះ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានសំរេចចិត្តចងក សំលាប់ខ្លួនព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ នេះ៕
សូមចុចលីងខាងក្រោមនេះ ដើម្បីទស្សនាវីដេអូ៖
https://web.facebook.com/obnasianews/videos/813256916205369/