ឃាត់ខ្លួនមេខ្សល់ម្នាក់ ខណៈកំពុងនាំពលករឆ្លងដែន ចេញពីថៃចូលមកកម្ពុជា គេចពីការធ្វើចត្តាឡីស័ក

0

ភ្នំពេញ៖ ស្ត្រីម្នាក់ជាមេខ្សល់ ធ្លាប់នាំមនុស្សឆ្លងដែនដោយខុសច្បាប់ យ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

​លោក​វរសេនីយ៍ឯក​ សែ​ស​ វិបុល​ អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ ខន​ សុ​ឃឿ​ត​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ នៅ​ភូមិ​សិលា​ខ្មែរ​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​ ជន​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​វរ​សេនា​តូច​ ការពារ​ព្រម​ដែន​គោក​លេខ​៩១១​ ចុះ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ ហើយ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១៦​និង​០៤​នាទី​ ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ឆ្នាំ​២០២១​ ចំណុច​ភូមិសាស្ត្រ​ភូមិ​សិលា​ខ្មែរ​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខណៈ​ពេល​កំពុង​នាំ​មនុស្ស​ឆ្លង​ដែន​ ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ តាម​ច្រករបៀង​ខុសច្បាប់​គេច​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ហើយ​បាន​បញ្ជូន​មក​អធិការដ្ឋាន​ ដើម្បី​សាកសួរ​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ និង​រៀបចំ​សំណុំរឿង​តាម​និ​តិ​វិធី​ ច្បាប់​ ។​

​លោក​វរសេនីយ៍ឯក​ ឡាយ​ គឹ​ម​លួ​ន​ នាយការិយាល័យ​ នគរបាល​ប្រឆាំង​ការ​ជួញដូរ​ មនុស្ស​និង​ការពារ​អនីតិជន​ បាន​ឲ្យ​ដឹង​ថា​៖​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​បាន​លួច​នាំ​មនុស្ស​ចេញ​-​ចូល​ឆ្លង​ដែន​ចំនួន ៥​លើក​រួច​មក​ហើយ​ ចាប់ពី​ខែមករា​ ឆ្នាំ​២០២១​មក​ ខ្លួន​បាន​ជូន​គេ​ទៅ​ធ្វើការ​ដក​ដំឡូង​និង​កាប់​អំពៅ​ ក្នុង​រយៈពេល​ ១​អាទិត្យ​ ឬ​១០​ថ្ងៃ​ទើប​វិល​មក​ខ្មែរ​វិញ​ ដោយ​យក​គេ​ក្នុង​០១​ឬ​០២​នាក់​តម្លៃ​៣០០​បាត​ ។​

លោកស្រី​ ឧត្តមសេនីយ៍ត្រី​ ឌី​ សុ​ជាតិ​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​យ៉េន​ឌ័​រ​និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បាន​បញ្ជាក់​ថា ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ ខន​ សុ​ឃឿ​ត​ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​ ​