ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះតទៅ អាជ្ញាធរលែងឲ្យជិះម៉ូតូ លែងឲ្យជិះម៉ូតូ លើកំពែងក្រុងអង្គរធំ ក្នុងរមណីយដ្ឋានអង្គរ ទៀតហើយ ។
យោងតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ កុម្ភៈ បានបញ្ជាក់ថា ក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ ក៏ដូចជាដើម្បីចៀសវាង ការប៉ះពាល់ជាយថាហេតុ ដល់រចនាសម្ពន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារ ជួសជុលកំពែងខ្លោងទ្វារតាកាវដែល កំពុងអនុវត្តការងារដោយអ្នកជំនាញខ្មែរ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ថា៖
១. ហាមបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ លើកលែងតែក្នុងករណីមាន ការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។
២. អនុញ្ញាតការធ្វើដំណើរលើកំពែង ក្រុងអង្គរធំសម្រាប់តែអ្នកថ្មើរជើង និងធ្វើដំណើរដោយកង់តែប៉ុណ្ណោះ ៕