ភ្នំពេញ៖ មេប៉ុស្តិ៍នគបាលម្នាក់ បានដេកស្លាប់នៅក្នុងប៉ុស្តិ៍រដ្ឋបាលស្រែថ្មី ដែលគេសង្ស័យអាចបណ្តាល មកពីមានជំងឺប្រចាំកាយ ស្ថិតក្នុងភូមិសន្ទួច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះដែលជាមេប៉ុស្តិ៍រដ្ឋបាល ស្រែថ្មីបានដេកស្លាប់ នេះមានឋានវរសេនីយ៍ត្រីអត្តលេខ៤៥៧៧០ ឈ្មោះ កែវ សុផង់ អាយុ៥៥ឆ្នាំ មានប្រពន្ធឈ្មោះ ប៉ែន សុខនី អាយុ៥៣ឆ្នាំ មានកូន៧នាក់រស់នៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
មន្ត្រីដដែលបានបន្តថា កាលរំលងអធ្រាត្រចូលថ្ងៃទី១៦ កុម្ភៈ ជនរងគ្រោះបាននិយាយអាយកូម ជាមួយអធិការនៅក្នុងបន្ទប់ម្នាក់ឯង ដែលបិទគន្លឹះពីខាងក្នុង។ លុះព្រឹកឡើងគាត់បានដាស់ឱ្យភ្ញាក់ឡើង ដើម្បីទៅប្រជុំស្រាប់តែបង្កការភ្ញាក់ផ្អើល ដោយលោកមេប៉ុស្តិ៍បានស្លាប់ នៅលើប៉ៅអីមិនដឹងពីថ្មើណាមកទេ ។
តាមការធ្វើកុសល្សវិច្ច័យ សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ បានសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ចន្លោះពីម៉ោង ២ទៅម៉ោង៣ទៀបភ្លឺ ហើយជនរងគ្រោះក៏មានជំងឺប្រចាំកាយ លើសឈាម និងលេបថ្នាំជាប្រចាំផងដែរ ៕




