អគ្គិភ័យ លេបត្របាក់ផ្ទះពលរដ្ឋ ១៣ខ្នង នៅបរិវេណស្ថានីយ៍រថភ្លើង ក្នុងក្រុងបាត់ដំបង

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨៖០៥នាទី នៅចំណុច (បរិវេណស្ថានីយ៍រថភ្លើង)ស្ថិតក្នុង ក្រុមទី១៧ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ១៣ខ្នង ។

ភ្លាមៗក្រោមបទបញ្ជា និងចុះទៅដល់ទីកន្លែងកើតហេតុ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំនិងបញ្ជាឱ្យរថយន្តអគ្គិភ័យចំនួន ៨គ្រឿង ចេញធ្វើសកម្មភាពក្នុងពេលតែមួយជួយពន្លត់ ក្នុងនោះរថយន្តចេញពីស្នងការដ្ឋានចំនួន ៣គ្រឿងរថយន្តចេញពីស្រុកសង្កែ ស្រុកឯកភ្នំស្រុកបាណន់ស្រុកថ្មគោល និងស្រុករតនមណ្ឌលចំនួន ៥គ្រឿងថែមទៀត និងដោយបានការ សហការណ៍ពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផង ទើបអាច គ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ។

លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាន បានបញ្ជាក់ថា ដោយសារស្ថានភាព ទីកន្លែងកើតហេតុ មានផ្លូវតូចចង្អៀត ហើយ លំនៅដ្ឋានស្ថិតនៅជាប់ៗគ្នាដែលជាឧប សគ្គធំសម្រាប់ការចល័តរថយន្តអគ្គិភ័យចូលទៅកៀកបាន ដូច្នេះក្រុមសង្រ្គោះត្រូវធ្វើការបាញ់ទឹក ពីចម្ងាយនិងតទុយោយ៉ាងវែងទើបចូលទៅ ដល់ទីកន្លែងកើតហេតុ ។

លោកបានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងនេះក្តីក្រោមការដឹកនាំផ្ទាល់ ពីលោកស្នងការកិច្ចប្រតិបត្តិការរបស់នគរបាល រយៈពេលប្រមាណជាងមួយម៉ោងទើបស្ថានភាពអគ្គិភ័យ បានថមថតនិងរលត់ទាំងស្រុង ដោយ ប្រើប្រាស់ទឹកបាញ់ពន្លត់ចំនួន ១០រថយន្ត។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបា ល ក្រុងបាត់ដំបងបានឱ្យដឹងថា ក្នុងគ្រោះអគ្គិភ័ យ នេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១៣ ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ ហើយក្នុងនោះមានលំនៅដ្ឋានចំនួន ០៨ខ្នងនិងទ្រព្យសម្បត្តិផងត្រូវឆេះអស់ទាំងស្រុង ប៉ុន្តែមិនមានមនុស្សណា ម្នាក់ទទួលរងរបួសឬគ្រោះថ្នាក់ដោយ អគ្គិភ័យនេះទេលោក ឆាង វណ្ណឆៃ និងក្រុមការងារអគ្គិភ័ យមិនទាន់ សន្និដ្ឋានបានអំពីមូលហេតុនៃ ការកើតឡើងនូវគ្រោះអគ្គិភ័យ ដ៏អាក្រក់នេះនៅឡើតទេក្នុងពេលនេះ ដោយរង់ចាំការស្រាវជ្រាវ ស៊ើបអង្កេតសិនទើបសន្និដ្ឋានបាន។

ជាមួយហេតុការណ៍ដ៏គួរឱ្យសោកស្តាយបំផុតនេះ លោកឧត្តមសេនីយ៍ទោស្នងការ ដែលបានចុះទៅដឹកនាំបញ្ជាផ្ទាល់នៅទីកន្លែងកើតហេតុ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ អ្នកប្រកមអាជីវកម្មនានានៅក្នុងខេត្តបាត់ដំបង សូមមេត្តាប្រុងប្រយ័ត្នខ្ពស់និងជាប់ជាប្រចាំ ចំពោះគ្រោះអគ្គិភ័យនេះត្បិតរដូវនេះជារដូវប្រាំង ដែលមានស្ថានភាពក្តៅហួតហែង ជាហេតុងាយបង្កឱ្យកើតគ្រោះអគ្គិភ័យណាស់ ពិសេសសូមប្រុងប្រយ័ត្ន ទាំងភ្លើងទៀនធូប ភ្លើងជើងក្រាននិងចរន្តអគ្គិសនី ៕