អភិបាលខេត្តបាត់ដំបង ប្រកាសមិនលើកលែង ឲ្យបុគ្គលណាដែលឃុបឃិត ជាមួយអធិការស្រុកកំរៀង ឲ្យពលករគេចវេះពីការធ្វើចត្តាឡីស័ក

0

ភ្នំពេញ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រកាសមិនលើកលែងឲ្យបុគ្គលណាម្នាក់ ដែលពាក់ព័ន្ធឃុបឃិតជាមួយអធិការស្រុកកំរៀង ឲ្យពលករគេចវេសពីការធ្វើចត្តាឡីស័ក ។

ក្នុងកិច្ចប្រជុំបន្ទាន់ស្តីពីការទប់ស្កាត់ការ គេចវេះធ្វើចត្តាឡីស័ករបស់ពលករ និងពិនិត្យសភាពការនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ កុម្ភៈ លោកអភិបាលខេត្តបាត់ដំបង បានចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យពលករគេចវេះ ពីការធ្វើចត្តាឡីស័ក ហើយអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តវិធានការមួយចំនួនភ្លាមៗ ក្នុងនោះការរឹតបន្តឹងតាមចាប់ពួកមេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់ ការអប់រំផ្សព្វផ្សាយពីសារសម្លេងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ នៅតាមមូលដ្ឋាន នៅតាមមណ្ឌលចត្តាឡីស័កជាដើម ។

លោក ងួន រតនៈ បន្តថា អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការជំរឿនបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ដោយធ្វើការចុះបញ្ជីឈ្មោះ ពលរដ្ឋនៅតាមស្រុកជាប់ព្រំដែន ឲ្យបានច្បាស់លាស់ និងមានឯកសារសម្រាប់ពួកគាត់ ក្នុងការកំណត់អត្តសញ្ញាណ ឲ្យបានត្រឹមត្រូវពីលំនៅដ្ឋាន ដើម្បីកុំឲ្យមានពលករទើបចេញពីប្រទេសថៃ ដែលរស់នៅស្រុកខេត្តផ្សេង ប្រាប់ពីព័ត៌មានមិនពិតថា ខ្លួនរស់នៅជាប់ព្រំដែន គេចវេសមិនធ្វើចត្តាឡីស័ក និងមួយទៀត អាជ្ញាធរខេត្ត នឹងជួបអាជ្ញាធរខេត្តចាន់បុរី នៃប្រទេសថៃ បើកកិច្ចប្រជុំពិភាក្សារួមគ្នាទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដោយអាជ្ញាធរខាងកម្ពុជា នឹងស្នើភាគីថៃ ឲ្យរថយន្តដឹកពលករ មកតាមច្រកតែមួយ ស្រួលក្នុងការគ្រប់គ្រង ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា «នឹងមិនលើកលែងឲ្យបុគ្គលណាម្នាក់ ដែលពាក់ព័ន្ធឃុបឃិត ជាមួយអធិការស្រុកកំរៀង ឲ្យពលករគេចវេសពីការធ្វើចត្តាឡីស័ក» ។

សូមរំលឹកថា នៅថ្ងៃទី១៥ កុម្ភៈ បន្ទាប់ពីរកឃើញកំហុសរបស់លោក គឹម ពន្លក ប្រព្រឹត្តខុសនីតិវិធី ហ៊ានដោះលែងមេខ្យល់ដោយចិត្តឯង ដែលនាំពលករគេចវេសពីការធ្វើចត្តាឡីស័ក តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានផ្អាកការងារបណ្ដោះអាសន្ន នូវអធិការស្រុកកំរៀងរូបនេះ ។ ក្រោយមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៥ កុម្ភៈ បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិផងដែរ ៕