នោះធ្ងន់កហើយ! នាយករដ្ឋមន្រ្តីបញ្ជាឲ្យបកស័ក្តិនិងបណ្ដេញអធិការ ស្រុកកំរៀង ចេញពីក្របខណ្ឌភ្លាមៗ

0

ភ្នំពេញ៖ នៅទីបំផុតនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញបទបញ្ជាឲ្យបកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិភ្លាម ក្រោយក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះពិតជាបានដោះលែងមេខ្យល់នាំមនុស្ស ឆ្លងដែន ខុសច្បាប់ ពីប្រទេសថៃ ចូលទឹកដីកម្ពុជា ។
នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២១។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ក្រៅពីបកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ បានបញ្ជាឲ្យអភិបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខានតែបាន ដើម្បីជាការព្រមានដល់ជនទាំងឡាយផ្សេងទៀត កុំឲ្យប្រព្រឹត្តទង្វើបែបនេះ។

សូមជំរាបថា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង៕