សាហាវមែន! រៀបការជាមួយម៉ែ បែរជារំលោភកូន ហើយថតវីដេអូទុកមើលទៀត

0

ភ្នំពេញ៖ បុរសល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ច ចុះទៅចាប់វាយខ្នោះ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នៅក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ក្រោយចាប់កូនស្រីរបស់ប្ដីដើម រំលោភសេពសន្ថវៈ រហូតបានសម្រេច ជាច្រើនលើកច្រើនសា ហើយថែមតាំងថតជាវីដេអូ ទុកមើលទៀត ។

មន្រ្ដីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ ទេព តុលា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ឪពុកចុង) មានមុខរបរជាងម៉ាស៊ីនត្រជាក់ មាន លំនៅក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ រីឯយុវតីរងគ្រោះ ឈ្មោះ ក ស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស រស់នៅខេត្តកណ្ដាល។

មន្រ្ដីនគរបាលក្រុងតាខ្មៅ បានរៀបរាប់តាមដំណើររឿង ថា កាលពី៤ឆ្នាំមុន ឪពុកម្តាយបង្កើតរបស់យុវតីរងគ្រោះបានរស់នៅមិនចុះសម្រុងនឹងគ្នា ទើបចេញផ្លូវគ្នាដើរ (លែងលះគ្នា)។ រីឯយុវតីរងគ្រោះជាកូនទី១ ក្នុងចំណោមបងប្អូន៣នាក (ប្រុសម្នាក់)។ ប៉ុន្ដែ ឪពុករបស់នាងក៏មានប្រពន្ធថ្មី ហើយនាងរស់នៅជាមួយនឹងម្ដាយរហូតមក។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលលែងលះគ្នាហើយ ម្ដាយរបស់យុវតីរងគ្រោះក៏មានទំនាក់ទំនងជាមួយនឹងបុរសម្នាក់ (ជនសង័្សយ) រហូតធ្វើឲ្យពួកគេទាំង២នាក់យល់ចិត្ត ថ្លើមគ្នាទៅវិញទៅមក។ លុះមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះក៏បានរៀបការប្តីក្រោយ (ជនសង័្សយ)។

ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់ពីជនរងគ្រោះបានចូលរួមផឹកស៊ី នៅក្នុងពិធីនោះ រហូតដល់ស្រវឹងដេកលក់ក្នុងដំណេក ស្រាប់តែនៅពាក់ កណ្តាលយប់ ឪពុកចុងចិត្តតិរច្ឆានរូបនេះ បានលបចូលទៅចាប់រំលោភ រហូតបានសម្រេចជាលើកដំបូង។ លុះមកដល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ម្តាយ និងឪពុកចុងរបស់នាង បាននាំនាង ទៅធ្វើពិធីកាត់ចំណងដៃ នៅឯខេត្តស្វាយរៀង ហើយឃើញឱកាសល្អ ក៏ ចាប់នាងរំលោភបានសម្រេចម្តងទៀត។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលរំលោភបានសម្រេចចំនួន២ដងរួចមកហើយ បុរសតិរច្ឆានរូបនេះ បានបន្ដចាប់នាងរំលោភ រហូតបានសម្រេចម្តងទៀត ខណៈដាច់ភ្លើង ហើយថែមទាំង ថតវីដេអូទុកមើលបន្ថែមទៀត ។ លុះក្រោយមកទៀត ជនសង័្សយបានសុំនាងរួមភេទបន្តទៀត។ ប៉ុន្ដែ ជនរងគ្រោះមិនព្រម ទើបជនសង្ស័យ បានយកវីដេអូនោះមកគំរាមថា បើមិនព្រមឲ្យគេរួមរ័កទេ គេនឹងយកវីដេអូនោះ បង្ហោះនៅលើ facebook ឲ្យគេដឹង ទើបជនរងគ្រោះ យល់ព្រមឲ្យរួមភេទ ជាបន្តបន្ទាប់ រហូតបាន សម្រេចចំនួន៨ដង។

ប្រភព័ត៌មានដដែល បានបន្ដថា ក្រោយពេលគំរាម និងចាប់បង្ខំរួមរ័កជាច្រើនលើកពេក ធ្វើឲ្យនាងអត់ទ្រាំលែងបាន ទើបនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្មេងស្រីរងគ្រោះ បានយករឿងរ៉ាងទាំនោះទៅ រាប់ប្រាប់ម្តាយរបស់នាង។ ប៉ុន្ដែ ម្តាយរបស់នាងគ្រាន់ស្តីបន្ទោសដល់ឪពុកចុងបីបួនមាត់តែប៉ុណ្ណោះ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលឃើញសកម្មភាពម្ដាយបែបនេះ ធ្វើឲ្យជនរងគ្រោះខឹង ហើយក៏ ឈប់រៀន រួច រត់ទៅរស់នៅជាមួយម្តាយមីង ប្រកបរបរស៊ីឈ្លួលលាងចានឲ្យគេនៅក្នុងខេត្តព្រៃវែង។ ប៉ុន្ដែបន្ទាប់ពីទទួល ដំណឹងថា ជនរងគ្រោះឈប់រៀន ឪពុកបង្កើតរបស់នាង បានហៅនាងឲ្យទៅរស់នៅជាមួយ នៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ដោយឡែកឪពុកបង្កើតរបស់ជនរងគ្រោះ ក៏បានប្រាប់នាងឲ្យទៅយកខោអាវទាំងអស់ នៅក្នុងផ្ទះម្ដាយប ង្កើតរបស់នាងមករស់នៅជាមួយគាត់ជាឪពុកបង្កើត។ លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ជនរងគ្រោះ បានត្រឡប់ចូលផ្ទះ ដើម្បីរៀបចំខោអា ទៅរស់នៅជាមួយឪពុកបង្កើតវិញ ហើយក៏ ជួបនឹងជនសង្ស័យជាឪពុកចុង។ ប៉ុន្ដែនៅពេលនោះពួកគេ បានឈ្លោះប្រកែកគ្នា ហើយជនសង័្សយ បានវាយធ្វើបាបនាង ទើបនាងមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដោយរៀបរាប់តាមដំណើររឿងខាងលើនេះ។

ក្រោយពេលមានពាក្យបណ្ដឹងពីជនរងគ្រោះ ទើបសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយនាំទៅកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕