ភ្នំពេញ៖ ពលករខ្មែរម្នាក់ដែលកំពុងធ្វើការនៅកូរ៉េ បានបើកបររថយន្តក្នុងស្ថានភាពស្រវឹង ត្រូវប៉ូលីសឃាត់ខ្លួន បន្ទាប់មកបានព្យាយាមរត់គេច ហើយត្រូវប៉ូលីសដេញតាម បានលោតពីលើស្ពាន ទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរនៅតំបន់ជីនជូ កាលថ្ងៃទី៥ មករា ឆ្នាំ២០២១កន្លងមកនេះ។
យោងតាមស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េបានឲ្យដឹងថា ក្រោយពីក្រុមអនុព័ន្ធការងារប្រចាំស្ថានទូត បានសម្របសម្រួលដោះស្រាយបញ្ហា ជូនគាត់រហូតត្រលប់ដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាពកាលពីថ្ងៃម្សិលម៉ិញនេះ។ ក្រុមគ្រួសារជនរងគ្រោះ និងជនរងគ្រោះផ្ទាល់បានថ្លែងអំណរគុណ ដល់ក្រុមការងារ និងស្ថានទូតកម្ពុជាដែលបាន ជួយសម្របសម្រួលជាមួយមន្ទីពេទ្យក្យុងសាង ដោយមិនយកថ្លៃព្យាបាលដែលអស់ជាង ១០ម៉ឺនដុល្លារ ហើយបានស្វែងរកកន្លែងស្នាក់នៅ ពេលជនរងគ្រោះជួបបញ្ហាទោះបីគាត់ ជាពលករខុសច្បាប់ក៏ដោយ។ ស្ថានទូតនឹងធ្វើលិខិតសរសើរ និងលិខិតថ្លែងអំណរគុណដល់មន្ទីពេទ្យ និងស្ថាប័នពាក់ព័ន្ធដែលបាន ជួយដល់ការងារនេះ។
ឆ្លៀតឱកាសនេះដែរ ស្ថានទូតសូមអំពាវនាវដល់ពលករ ក៏ដូចជាពលរដ្ឋខ្មែរគ្រប់រូបសូមកុំល្មើសបម្រាម ឬច្បាប់ណាមួយរបស់អាជ្ញាធរកូរ៉ ដើម្បីសុខុមាលភាពរបស់បងប្អូនអំឡុង ពេលប្រកបការងារនៅប្រទេសកូរ៉េ ៕