ភ្នំពេញ៖ ឃាតកដែលរឹតកសម្លាប់បុគ្គលិក ផ្ទះសំណាក់យីហោ៣៦២ ប្លន់យកម៉ូតូ និងទូរស័ព្ទដៃ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្ដាល ចាប់ខ្លួនបានហើយ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ។
ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១-ឈ្មោះ ថា ធុល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ទី២-ឈ្មោះខឹម សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស្អាប់ ស្នាក់នៅភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ថា ធុល បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុខ្លួនបានទូរសព្ទ័ហៅឈ្មោះ ខឹម សំណាង ឲ្យយកផាស្អាប់ដឹកខ្លួនពីកៀនស្វាយ ទៅកំពង់ចាម ពេលជិះមកដល់ក្រុងតាខ្មៅ ផាស្អាប់ខូចក៏យកទៅផ្ញើ នៅមន្ទីរពេទ្យជ័យជម្នះ រួចក៏ហៅផាស្អាប់ជិះទៅដេកផ្ទះសំណាក់កើតហេតុ និងនាំគ្នាជក់គ្រឿងញៀនបណ្ដើរ រៀបចំផែនការសម្លាប់ជនរងគ្រោះបណ្តើរ ដើម្បីលួចយកម៉ូតូនៅផ្ទះសំណាក់។
បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នារួច ជនសង្ស័យក៏ហៅជនរងគ្រោះ ឲ្យយកស្រាបៀពីរកំប៉ុងចូលក្នុងបន្ទប់ ពេលនោះក៏ច្រានជនរងគ្រោះដួលផ្កាប់មុខលើពូក ហើយទាញកន្សែងពោះគោរឹត ក ជនរងគ្រោះ ថែមទាំងបានស្រែកឲ្យឈ្មោះ ខឹម សំណាង យកខ្នើយសង្កត់លើមុខជនរងគ្រោះ រហូតដាច់ខ្យល់ស្លាប់។ ពេលជនរងគ្រោះស្លាប់ខ្លួនបានឲ្យឈ្មោះ ខឹម សំណាង នៅយាមជនរងគ្រោះ ហើយខ្លួនជាអ្នកទៅកាច់សោលួចម៉ូតូ។ ក្រោយពីកាច់សោលួចម៉ូតូបានហើយ ទើបចូលទៅហៅឈ្មោះ ខឹម សំណាង ចេញក្រៅរួចជិះឌុបគ្នាទៅកៀនស្វាយ ដោយបានទូរសព្ទ័ទៅឈ្មោះជាង ម៉ាប់ ហៅចេក ដើម្បីណាត់ជួបគ្នាទិញម៉ូតូនៅក្បែរវត្តនិរោធក្នុងតម្លៃ៤០០ដុល្លារ យកមកចែកគ្នាបានម្នាក់២០០ដុល្លារ។ ចំណែកជនសង្ស័យឈ្មោះ ខឹម សំណាង បានសារភាពថា ខ្លួនជាអ្នកទិញថ្នាំញៀននិងជក់ជាមួយឈ្មោះ ថា ធុល ហើយពិតជាបានចូលរួមធ្វើសកម្មភាពដូចការរៀបរាប់ខាងលើរបស់ឈ្មោះ ថា ធុល ប្រាកដមែន។
សមត្ថកិច្ចបានដកហូតវត្ថុតាងទូរស័ព្ទ ១គ្រឿង ម៉ាក វីវ៉ូ ពណ៌ខៀវ របស់ជនរងគ្រោះ (សព) និងសម្ភារៈធ្វើសកម្មភាពមួយចំនួន រួមទាំងម៉ូតូផាស្អាប់ ១គ្រឿង ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 1GR-2680។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់ និងកំពុងស្រាវជ្រាវស្វែងរកចាប់ អ្នកពាក់ព័ន្ធផ្សេងៗទៀត ៕