ភ្នំពេញ៖ ព្រះគ្រូចៅអធិការវត្តបាក់ចិញ្ចៀន និងព្រះសង្ឃ ២អង្គផ្សេងទៀត គង់នៅនៅវត្តបាក់ចិញ្ចៀន បានពុលឱសថបុរាណ បន្ទាប់ពីឆាន់ឱសថបុរាណ ដែលទទួលបានពីព្រះសង្ឃ១អង្គ គង់នៅវត្ត ពោធិ៍វិន័យស្រះខាងកើត ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចវត្តបាក់ចិញ្ចៀន ស្ថិតក្នុងភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បើតាមការឲ្យដឹងពី គណៈកម្មការអាចារ្យវត្តបាក់ចិញ្ចៀន បានរៀបរាប់ថា មុនពេលកើតហេតុ មានព្រះសង្ឃមួយអង្គ ព្រះនាម សាន់ សារិទ្ធ ព្រះជន្ម ៦០ឆ្នាំ គង់នៅវត្ត ពោធិ៍វិន័យស្រះខាងកើត ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននិមន្តមកបុណ្យផ្កានៅវត្តបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ដោយឃើញលោកគ្រូចៅអធិការវត្តបាក់ចិញ្ចៀន ព្រះនាម អៀម ឃន ព្រះជន្ម ៧៨ឆ្នាំ រូបរាងស្គមស្គាំង ព្រះអង្គ សាន់ សារិទ្ធ ក៏បានឱ្យឱសថបុរាណ ទៅលោកគ្រូចៅអធិការវត្តបាក់ចិញ្ចៀននោះឆាន់។ ក្រោយឆាន់រួច ក៏មានព្រះសង្ឃ ២អង្គទៀត ទី១.ព្រះនាម កេត សារឿន ព្រះជន្ម ៧៥ឆ្នាំ ទី២. ព្រះនាម ប៊ូ ទុំ ព្រះជន្ម ៤៧ឆ្នាំ ក៏បានឆាន់ឱសថបុរាណនោះបន្តបន្ទាប់ដែរ។ ក្រោយពីឆាន់ឱសថបុរាណនេះហើយ ក៏មានអាការៈមិនស្រួលខ្លួន រួចបានបញ្ជូនព្រះសង្ឃទាំង ៣អង្គ ទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់តែម្តង។
ចំណែកព្រះសង្ឃព្រះនាម សាន់ សារិទ្ធ សមត្ថកិច្ចតម្រូវឲ្យគង់នៅវត្តបាក់ចិញ្ចៀនសិន រង់ចាំធ្វើការពិសោធន៍ឱសថបុរាណនោះរួច ៕