ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានថ្លែងឲ្យដឹងថា ក្មេងស្រីរងគ្រោះជនជាតិខ្មែរម្នាក់ អាយុ ១៤ ឆ្នាំ ដែលត្រូវបានមេខ្យល់ឆបោកទៅប្រទេសចិន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ តាមច្រកអាកាសយាន្តដ្ឋានអត្តរជាតិភ្នំពេញ។
ក្មេងស្រីរងគ្រោះមានឈ្មោះ យឿង សុដាវីន អាយុ១៤ឆ្នាំ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីអនុវត្តវិធានចត្តាឡីស័ករយ:ពេល១៤ថ្ងៃរួចមក នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយអង្គការសម្ព័ន្ធចាប់ដៃ បាននាំយកជនរងគ្រោះមកនាយកដ្ឋានដើម្បីធ្វើការសម្ភាសន៍ ស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធ ដើម្បីឈានដល់ការនាំខ្លួនជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ក្មេងស្រីខាងលើត្រូវបានប្រគល់ជូនទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីស្ដារនីតិសម្បទា និងបញ្ជូនទៅឲ្យក្រុមគ្រួសារ សាច់ញាតិនៅសហគមន៍វិញ។
សូមរំលឹកថា កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មានពីស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពាក់ព័ន្ធនឹងគណនីហ្វេសប៊ុកឈ្មោះ អូនវីនស្រឡាញ់ ម៉ាក់ប៉ា ដែលត្រូវបានជនសង្ស័យជាមេខ្យល់ឆបោក នាំទៅប្រទេសចិនរយៈពេល ៤ ខែកន្លងមកហើយ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានដាក់បទបញ្ជាឱ្យ កម្លាំងការិយាល័យជំនាញធ្វើការស្រាវជ្រាវ និងបានរកឃើញសាច់ញាតិម្ចាស់គណនី ហ្វេសប៊ុកខាងលើមានឈ្មោះ ឯល ណារី ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនឯកជន កំពុងបម្រើការងារនៅកាស៊ីណូមួយកន្លែង នៅទីក្រុងប៉ោយប៉ែត និងមានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវជាឪពុកម្ចាស់គណនីហ្វេសប៊ុកខាងលើនោះ ។ តាមរយៈការទំនាក់ទំនងតាមទូរសព្ទ បុរសជាឪពុកបានបញ្ជាក់ថា កូនស្រីរបស់គាត់មានឈ្មោះ យឿង សុដាវីន អាយុ១៤ឆ្នាំ បានចាញ់បោកមេខ្យល់មិនស្គាល់អត្តសញ្ញាណ នាំយកទៅប្រទេសចិន រយៈពេល ៤ខែកន្លងមកហើយ រូបគាត់បានទៅដាក់ពាក្យបណ្ដឹង នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្នើសុំឲ្យសមត្ថកិច្ចនគរបាល ជួយអន្តរាគមន៍ដោះស្រាយ។
ឧត្តមសេនីយ៍ ជីវ ផល្លី បញ្ជាក់ថា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា បានស្រាវជ្រាវស្វែងរកឃើញកន្លែងស្នាក់នៅ របស់ក្មេងស្រីរងគ្រោះខាងលើ និងបានជួយសង្គ្រោះបញ្ជូនមកស្នាក់ ការនគរបាលនៅខេត្តហឺណាន ប្រទេសចិន ដើម្បីចាត់ការបន្ត ។
ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ឲ្យដឹងទៀតថា មន្ត្រីជំនាញរបស់នាយកដ្ឋាន បាននិងកំពុងធ្វើការទំនាក់ទំនងសម្របសម្រួលផ្តល់ព័ត៌មានខាងលើទៅឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមការងារលេខាធិការដ្ឋានមេគង្គឡានឆាង ដើម្បីធ្វើការបន្តជាមួយស្ថានអគ្គកុងស៊ុល ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីឈានដល់ការសម្របសម្រួល ជាមួយអាជ្ញាធរចិនរៀបចំបែបបទបញ្ជូន ក្មេងស្រីរងគ្រោះខាងលើឲ្យ វិលត្រឡប់មកកម្ពុជាវិញ។
ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន និងជាពិសេសអាជ្ញាធរចិន ក៏ដូចជាអង្គការសម្ព័ន្ធចាប់ដៃ ដែលបានរួមចំណែកលើការងារនេះ និងសូមអរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គមដែល តែងតែចូលរួមចំណែកក្នុងកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏ដូចជាការចូលរួមចំណែក ស្វែងរកយុត្តិធម៌សង្គម ៕