ភ្នំពេញ៖ ផ្ដើមចេញពីជម្លោះពាក្យសម្ដីបន្តិចបន្តួច រឿងចតឡានបណ្ដាលមនុស្សចំនួន ៣នាក់ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ដោយសារគូជម្លោះជាអ្នករត់កង់បីទាញកាំភ្លើងបាញ់ចំនួន ៣គ្រាប់ កាលពីម៉ោង ៧៖២៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទ យីហោពន្លកថ្មី ស្ថិតនៅតាម បណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះទី១-មានឈ្មោះ ប៉ូ សូភី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ទី២-មានឈ្មោះ សុខ ស៊ីដេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ ចំណែកទី៣- ឈ្មោះ សៀក លឹម ភេទប្រុសអាយុ២៥ឆ្នាំ រីឯជនបង្កជាអ្នករត់កង់បីនិងបក្ខពួក២នាក់ ទៀត បានរត់គេចបាត់ ។
បើតាមប្រភពព័ត៌មានពីស្រ្តីម្នាក់ នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរម្នាក់បើករថយន្ត មកឈប់ចតមួយភ្លែតនៅមុខផ្ទះ ដើម្បីដាក់កូន នៅក្បែរកន្លែងកើតហេតុបន្ទាប់មក ឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា មកពីក្រោយរួចស៊ីផ្លេ ដាក់រថយន្តឲ្យឯប ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្ដី ដាក់គ្នាមួយប្រាវ បន្ទាប់មកអ្នកបើកម៉ូតូកង់បីនោះ ក៏បានបើកចេញទៅបាត់ ។ លុះមួយសន្ទុះក្រោយមក អ្នកបើកម៉ូតូកង់បី មកវិញម្ដងទៀត ជាមួយបក្សពួក ជិះម៉ូតូជាច្រើនគ្រឿង ហើយជម្លោះសម្ដីបន្ថែមទៀត (ទំនងមិនព្រមចាញ់គ្នា) អ្នករត់កង់បីនោះ បានស្ទុះយកកាំភ្លើង ពីបក្ខពួក បាញ់ជនរងគ្រោះទាំង៣នាក់ ម្នាក់ត្រូវមួយគ្រាប់បណ្ដាលឱ្យ ស្លាប់នៅកន្លែងកើហេតុម្នាក់ និង២នាក់ពេទ្យសង្រ្គោះអស់លទ្ធភាព ក៏ស្លាប់ដែរ ។ ខ្មាន់កាំភ្លើងនិងបក្ខពួក បាននាំគ្នាចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោល ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាន ចុះមកដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនក្រុមជនល្មើស យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ៕