ថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកសារព័ត៌មានជាង ៣០០នាក់ ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ លើកទី១

0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាថ្ងៃដំបូង មានថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកសារព័ត៌មាន ៣៣៩នាក់ (ស្រី ៧៥នាក់) ទទួលបានការ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ។

លោកស្រី ឱ វណ្ណឌីន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី១០ កុម្ភៈថា សរុបអ្នកមកចាក់នៅថ្ងៃទី១០ កុម្ភៈ មាន ៤២៥នាក់ (ស្រី ១០៤នាក់) ប៉ុន្តែក្នុងនោះអ្នកបានចាក់វ៉ាក់សាំងរួចមាន ៣៣៩នាក់ (ស្រី ៧៥នាក់) និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់មាន ៨៦នាក់ (ស្រី ២៩នាក់)។

សូមបញ្ជាក់ថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរៀបចំការចាក់វ៉ាក់សាំង Sinopharm របស់ចិន បង្ការជំងឺកូវីដ១៩ ជូនឥស្សរជនជាន់ខ្ពស់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ នៅទីតាំងមន្ទីរពេទ្យចំនួន៤គឺ៖

១៖ មន្ទីរពេទ្យកាល់ម៉ែត (សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤) សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ

២៖ មន្ទីរពេទ្យព្រះអង្គឌួង (សាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨) សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ

៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨) សម្រាប់ឥស្សរជនជាអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត

៤៖ មន្ទីរពេទ្យកុមារជាតិ (សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ០១១ ៨១១ ១៣២) សម្រាប់អ្នកសារព័ត៌មាន៕