ភ្នំពេញ៖ ក្នុងឱកាសចូលឆ្នាំប្រពៃណីចិននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជួបតែសំណាងល្អ ជោគជ័យ និងប្រាប់ឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដោយការធ្វេសប្រហែសណាមួយ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១១ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ជូនពរថ្ងៃចូលឆ្នាំចិន! Gong Xi Fa Cai 2021! ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ ក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដោយការធ្វេសប្រហែសណាមួយ ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ»។
សម្ដេចក៏អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំ របស់ក្រសូងសុខាភិបាល។ ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួន ធ្វើដំណើរទៅកាន់ បណ្តាខេត្តផ្សេងៗផងដែរ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នា ចាប់ពីក្នុងថ្ងៃចូលឆ្នាំចិន ២០២១ នេះតទៅ ៕