ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា អ្នកប្រព្រឹត្តល្មើសច្បាប់ ហើយសុំទោសរួចខ្លួន គឺជាគំរូអាក្រក់ដល់អ្នកដទៃផ្សេងទៀត ។
ការលើកឡើងរបស់លោក ពេជ្រ ស្រស់ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកលក់ឡេតាមអនឡាញ អាជីនិងអាម៉ី បានចូលខ្លួនទៅបំភ្លឺនៅក្រសួងវប្បធម៌ កាលពីព្រឹកមិញ ដោយគ្រាន់តែសុំទោសជាសាធារណៈ និងធ្វកិច្ចសន្យា ៨ចំណុចហើយឲ្យត្រឡប់មកផ្ទះវិញ ។
លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១០ កុម្ភៈនេះថា «អ្នកប្រព្រឹត្តល្មើសច្បាប់ ហើយសុំទោសរួចខ្លួន គឺជាគំរូអាក្រក់ដល់អ្នកដ៏ទៃផ្សេងទៀតគឺ Video បន្ទាបបន្ថោក
បានចេញផ្សាយផ្អើលពិភពលោក ហើយអ្នកមិនដឹងពី វប្បធម៌ខ្មែរយើង និងសាសនាព្រះពុទ្ធ ក៏បានមើលងាយ លើវប្បធម៌និងសាសនាហើយដែរ តើការសុំទោសរបស់ ពួកនាងអាចសងកិត្តិយស ដល់វប្បធម៌ខ្មែរនិងសាសនា ព្រះពុទ្ធបានវិញដែរទេ? ច្បាប់គឺច្បាប់ ហើយច្បាប់ក៏បានចែងពីទម្ងន់ទោស ច្បាស់លាស់ហើយដែរ ដូច្នេះអនុវត្តច្បាប់ទៅ ដើម្បីតម្លាភាព និងផ្តល់យុត្តិធម៌ដល់ចំប៉ីខ្មៅផងដែរ ម្យ៉ាងវិញទៀតលុបបំបាត់អ្នកជាន់ឈ្លីវប្បធម៌ខ្មែរយើង និង រឿងផ្សេងៗ ទៀត។ ខ្សែចាប៉ីធូរពេកមិនពិរោះ រឹតតឹងពេកដាច់ខ្សែ រឹតល្មមគឺមានតែអនុវត្តច្បាប់» ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកលក់ឡេអនឡាញ អាជីនិងអាម៉ី រួមទាំងអ្នកផ្សេងទៀត ដែលសម្ដែងរឿង ទុំទាវ២០២១ បានចូលខ្លួនបំភ្លឺ តាមការកោះហៅរបស់ ក្រសួងវប្បធម៌ ។
ការកោះហៅឲ្យក្រុមអាជីនិងអាម៉ី ចូលខ្លួនបំភ្លឺនេះ ក្រោយពីពួកគេបានសម្ដែងរឿង ទុំទាវ២០២១ ដែលធ្វើឲ្យប៉ះពាល់ដល់ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ ។
ជាមួយគ្នានោះដែរក្រុមអាជីនិងអាម៉ី ក៏បានធ្វើកិច្ចសន្យា ៨ចំណុច ដោយក្នុងនោះពួកគេ និងធ្វើការចេញវីដេអូសុំទោស ប្រជាពលរដ្ឋខ្មែរជាសាធារណៈ។ ក្រៅពីកិច្ចសន្យានេះដែរ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ក៏បានសម្រេចដកហូត Page Hokima យកមកបិទទាំងស្រុងផងដែរ ៕