ភ្នំពេញ៖ សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា ម៉ោង ៧យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នឹងធ្វើការឡាយផ្ទាល់ លើហ្វេសប៊ុកផេកផ្ទាល់ខ្លួន និយាយពីរឿងទុំទាវ២០២១ និងហានិភ័យសុំទោសរួចខ្លួន ។
លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុកថា «ម៉ោង7យប់នេះខ្ញុំនឹងនិយាយរឿង ទុំទាវ 2021 និងហានិភ័យសុំទោសរួចខ្លួន» ។
មុនការបង្ហោះសារនេះលោក ក៏បានថ្លែងទាក់ទងរឿងទុំទាវ២០២១នេះដែរថា «អ្នកប្រព្រឹត្តល្មើសច្បាប់ ហើយសុំទោសរួចខ្លួន គឺជាគំរូអាក្រក់ដល់អ្នកដ៏ទៃផ្សេងទៀតគឺ Video បន្ទាបបន្ថោក បានចេញផ្សាយផ្អើលពិភពលោក ហើយអ្នកមិនដឹងពី វប្បធម៌ខ្មែរយើង និងសាសនាព្រះពុទ្ធ ក៏បានមើលងាយ លើវប្បធម៌និងសាសនាហើយដែរ តើការសុំទោសរបស់ ពួកនាងអាចសងកិត្តិយស ដល់វប្បធម៌ខ្មែរនិងសាសនា ព្រះពុទ្ធបានវិញដែរទេ? ច្បាប់គឺច្បាប់ ហើយច្បាប់ក៏បានចែងពីទម្ងន់ទោស ច្បាស់លាស់ហើយដែរ ដូច្នេះអនុវត្តច្បាប់ទៅ ដើម្បីតម្លាភាព និងផ្តល់យុត្តិធម៌ដល់ចំប៉ីខ្មៅផងដែរ ម្យ៉ាងវិញទៀតលុបបំបាត់អ្នកជាន់ឈ្លីវប្បធម៌ខ្មែរយើង និង រឿងផ្សេងៗ ទៀត។ ខ្សែចាប៉ីធូរពេកមិនពិរោះ រឹតតឹងពេកដាច់ខ្សែ រឹតល្មមគឺមានតែអនុវត្តច្បាប់» ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកលក់ឡេអនឡាញ អាជីនិងអាម៉ី រួមទាំងអ្នកផ្សេងទៀត ដែលសម្ដែងរឿង ទុំទាវ២០២១ បានចូលខ្លួនបំភ្លឺ តាមការកោះហៅរបស់ ក្រសួងវប្បធម៌ ។
ការកោះហៅឲ្យក្រុមអាជីនិងអាម៉ី ចូលខ្លួនបំភ្លឺនេះ ក្រោយពីពួកគេបានសម្ដែងរឿង ទុំទាវ២០២១ ដែលធ្វើឲ្យប៉ះពាល់ដល់ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ ។
ជាមួយគ្នានោះដែរក្រុមអាជីនិងអាម៉ី ក៏បានធ្វើកិច្ចសន្យា ៨ចំណុច ដោយក្នុងនោះពួកគេ និងធ្វើការចេញវីដេអូសុំទោស ប្រជាពលរដ្ឋខ្មែរជាសាធារណៈ។ ក្រៅពីកិច្ចសន្យានេះដែរ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ក៏បានសម្រេចដកហូត Page Hokima យកមកបិទទាំងស្រុងផងដែរ ៕