ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនទាន់អាចទទួលការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានទេនៅថ្ងៃទី១០ កុម្ភៈនេះ ដោយសារបញ្ហាសុខភាព ដូច្នេះត្រូវរង់ចាំ ២សប្ដាហ៍ទៀតទើបអាចចាក់បាន ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់តាមហ្វេសប៊ុកថា «ព្រឹកនេះ ខ្ញុំបានមកពិគ្រោះដើម្បីទទួលបាន ការចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ប៉ុន្តែដោយស្ថានភាព ខ្ញុំកំពុងមានជំងឺផ្តាសាយធំ ក្រុមគ្រូពេទ្យបានណែនាំ ឱ្យខ្ញុំរង់ចាំ២សប្តាហ៍សិន ទើបអាចឱ្យខ្ញុំទទួលការ ចាក់វ៉ាក់សាំងនេះបាន។ ប៉ុន្តែទោះជាយ៉ាងណាក្តី ឥស្សរជន និងថ្នាក់ដឹកនាំដទៃទៀត ដែលបំពេញលក្ខខ័ណ្ឌ បានចាប់ផ្តើមចាក់វ៉ាក់សាំងនេះ បន្តបន្ទាប់ហើយ» ។
បើទោះជាខកខាន លោក ហ៊ុន ម៉ានី ក៏នៅវាយតម្លៃខ្ពស់ ចំពោះភាពគត់មត់របស់ក្រុមគ្រូពេទ្យជំនាញយើង ដែលបានបំពេញភារកិច្ច ប្រកបដោយវិជ្ជាជីវៈខ្ពស់។ ជាមួយគ្នានេះ លោកក៏សំដែងនូវការដឹងគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់ឱកាស ឲ្យថ្នាក់ដឹកនាំវ័យក្មេងយើង រួមនឹងអ្នកដែលងាយនឹងរងគ្រោះដ៏ទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៏ស្ម័គ្រចិត្ត ក្រោយពីបានសិក្សា និងវាយតម្លៃច្បាស់លាស់ ពីប្រិសិទ្ធភាពនៃវ៉ាក់សាំងនេះ។
លោក ហ៊ុន ម៉ានី សង្ឃឹមថា លោកនឹងទទួលបាននូវការចាក់វ៉ាក់សាំងនេះ នៅពេល ២សប្តាហ៏បន្ទាប់ ក្រោយស្ថានភាពជំងឺផ្តាសាយបានធូរស្បើយ ៕