ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគ៥ បានចោទជាសំណួរថា តើជាកំហុសយោធិនកងការពារ ព្រំដែនគោកលេខ៥០៣ ឬជាកំហុសគយចល័តតំបន់៥ ។
ការចោទជាសំណួររបស់ឧត្តមសេនីយ៍ទោ សេង ធារិន បែបនេះ ធ្វើឡើងក្រោយពីយោធិន នៅអង្គភាពកងការពារព្រំដែន៥០៣ម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួន ដោយសាររឿងដោះស្រាយមិនចេញ ចំពោះករណីគយចល័តតំបន់៥ ចាប់រថយន្តបម្រើឲ្យអង្គភាព ជាយូរឆ្នាំមកហើយនោះ ។
ទាក់ទិនបញ្ហានេះដែរលោកឧត្តមសេនីយ៍ទោ សេង ធារិន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងន័យដើមទាំងស្រុងថា «តើជាកំហុសយោធិន កងការពារព្រំដែនគោកលេខ៥០៣ ឬជាកំហុសគយចលត័តំបន់៥៖ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះថ្នាក់ចរាចរ គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មានលុយគាត់បានខ្ចីលុយគេដោះស្រាយ លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខ ព្រោះទើបចេញពីជាង) ក៏ត្រូវគយចលត័តំបន់៥ចាប់ សូមបញ្ជាក់ថារថយន្តនោះ ម៉ាកវីហ្គោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខ ប្រើប្រាស់ច្រើនឆ្នាំហើយ លោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៍ដោះស្រាយមិនចេញ ដោយសារមូលហេតុរឿងនេះ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានសំរេចចិត្តចងក សំលាប់ខ្លួនព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ នេះ?? ។ ខ្ញុំគិតថាការប្រមូលពន្ធជារឿងចាំបាច់ណាស់ ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រាក់ចំណូលជាតិ តែក្នុងករណីនេះលោកគយប្រើដៃក្តៅពេកទេដឹង រថយន្តនេះចាស់ពេកហើយ មិនគួរដុតអោយខ្លោចរោយអោយឆៅទេ រថយន្តចាស់មួយនេះបានបំរើអង្គភាពមិនតិចទេ ខ្ញុំពិតជាអាណិតដល់គ្រួសាររងគ្រោះណាស់ ក៏ស្តាយយោធិនដែលមានសមត្ថភាពដែរ ?? ក៍មិនលើកទឹកចិត្តអោយ កងកំលាំងប្រើរថយន្តអត់ពន្ធដែរ លោកមេគយចលត័តំបន់៥ លោកធ្លាប់មានបញ្ហាអីខ្លះខ្លួន លោកផ្ទាល់ដឹងហើយ អរគុណ» ៕